គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ជំនួបបឹងកេត និងភ្នំពេញក្រោននឹងធ្វើឡើងនៅកីឡដ្ឋាន RSN

ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League សប្ដាហ៍ទី១៤ ដែលជាជំនួបដំបូងជុំទី២ រវាងបឹងកេត និងភ្នំពេញក្រោន ថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ត្រូវប្ដូរទៅរៀបចំនៅកីឡដ្ឋាន RSN វិញ។


ការសម្រេចផ្លាស់ប្ដូរទីតាំងប្រកួតនេះដោយសារកីឡដ្ឋានបឹងកេតដែលមានទីតាំងនៅបឹងស្នោពុំទាន់រួចរាល់សម្រាប់ដំណើរការសាងសង់ ជាពិសេសកន្លែងអ្នកទស្សនា ហើយព្រោះជាការប្រកួតធំនោះភាគីទាំងពីរក៏ព្រមព្រៀងប្ដូរទៅរៀបចំនៅទឹកដីរបស់ក្លិបភ្នំពេញក្រោនជំនួស។


គួរដឹងដែរថា កីឡដ្ឋានបឹងកេតចាប់ផ្ដើមដំណើរការសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០១៨ ដោយមានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ លើទំហំផ្ទៃដី១៤៥០០ម៉ែត្រការ៉េ និងអាចផ្ទុកទស្សនិកជនបាន២៥០០នាក់។ 


ដោយសារតែការសាងសង់មិនទាន់រួចរាល់ បឹងកេតបានសម្រេចប្រកួតនៅក្រៅដីទាំងអស់កាលជុំទីមួយកន្លងទៅ៕

អត្ថបទ៖ CNCC