គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គិរីវង់បង្ហាញក្ដីរំពឹងពីរយ៉ាងពីកីឡាករបរទេសថ្មី

លោក ឌុក វាសនា អ្នកចាត់ការក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានបង្ហាញក្ដីរំពឹងថា ការមកដល់របស់កីឡាករបរទេសថ្មីពីររូប គឺ Coulibaly Major Bangaly និង Taku Yanagidate អាចបំពេញចន្លោះខ្វះខាតក្នុងក្រុមឲ្យកាន់តែប្រសើរ ហើយអាចទាក់ទាញអ្នកទស្សនាកាន់តែច្រើន។


អ្នកចាត់ការក្រុមមានមូលដ្ឋាននៅខេត្តតាកែវសង្កត់ធ្ងន់ថា ក្លើិបត្រូវការពង្រឹងខ្លាំងលើតំបន់ការពារ និងប្រយុទ្ធសម្រាប់ជុំទីពីរនៃក្របខណ្ឌ Metfone Cambodian League ដូច្នេះថ្នាក់ដឹកនាំដែលមានឯកឧត្តម សុខ ពុទ្ធិវុធ ជាប្រធានក៏សម្រេចចិត្តនាំយកកីឡាករទាំងពីរដើម្បីមកបំពេញបន្ថែម។


លោក ឌុក វាសនា ពន្យល់បែបនេះ ៖”ខ្ញុំសង្ឃឹមថា កីឡាករចំណូលថ្មីនេះអាចជួយក្រុមឲ្យបានលទ្ធផលល្អជាងជុំទីមួយ ហើយក៏ជាការអូសទាញអ្នកទស្សនា ព្រោះពីមួយប្រកួតទៅមួយប្រកួតកាន់តែច្រើនឡើង អ៊ីចឹងនៅពេលដែលយើងនាំចូលកីឡាករល្អ ប្លែក និងទាក់ទាញបានចំណាប់អារម្មណ៍ពីអ្នកគាំទ្រ។ ថ្នាក់ដឹកនាំដែលមានឯកឧត្តម សុខ ពុទ្ធិវុធ ជាប្រធានក៏ដុតដៃដុតជើងធ្វើយ៉ាងណាឲ្យក្រុមកាន់តែមានភាពល្អប្រសើរឡើងដែរ”។


សម្រាប់សុពលភាពសម្រាប់កីឡាករទាំងពីរវិញ លោក ឌុក វាសនា ឲ្យដឹងថា មានរហូតដល់ដាច់រដូវកាល២០១៩នេះ តែប្រសិនបើពួកគេជួយក្រុមទទួលបានលទ្ធផល ក្លិបនឹងចរចាកុងត្រាថ្មីបន្តទៀត។


គួរបញ្ជាក់ថា គិរីវង់សុខសែនជ័យ ក៏បានប្រកាសពីការចែកផ្លូវគ្នាជាមួយកីឡាករជប៉ុនជើងចាស់ Takihito Ota ផងដែរ បន្ទាប់ពីចប់ជុំទីមួយ៕

អត្ថបទ៖ CNCC