គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Fumiya Kogure លើកឡើងពីចំនុចមួយ ដែលកីឡាករកម្ពុជាគួរបង្កើនសមត្ថភាពបន្ថែម

ខ្សែបម្រើប្រយុទ្ធសូលទីឡូអង្គរ Fumiya Kogure បានបង្ហាញការយល់ឃើញរបស់ខ្លួនថា កីឡាករកម្ពុជាកំពុងប្រកបអាជីពនៅគ្រប់ក្លិបទាំងអស់ ក្នុងពានរង្វាន់ Metfone Cambodian League 2019 គួរព្យាយាមអភិវឌ្ឍន៍សមត្ថភាពឲ្យបានខ្លាំងក្លាបន្ថែម ពិសេសភាពឈ្លាសវៃក្នុងទីលាន បូករួមនិងការគិតរហ័ស ដើម្បីដោះស្រាយបញ្ហាជុំវិញខ្លួនបានទាន់ពេលវេលា។


«ឆ្លងកាត់ការប្រកួតមួយជុំ នៅលីគកំពូលកម្ពុជាកន្លងមកនេះ ខ្ញុំបានរៀនសូត្រយ៉ាងច្រើនពីបរិយាសបាល់ទាត់នៅកម្ពុជា។ ពួកគេមានភាពរួសរាយរាក់ទាក់ ចេះជួយគ្នាបានល្អ ហើយកម្រិតសមត្ថភាពក៏មិនដាច់ឆ្ងាយពីប្រទេសក្នុងតំបន់ពេកដែរ។ យ៉ាងណាក្ដី តាមការមើលឃើញរបស់ខ្ញុំ ដើម្បីឲ្យការលេងរបស់ពួកគេប្រកបគុណភាពជាងនេះទៅទៀត កីឡាករខ្មែរគួរព្យាយាមប្រើប្រាស់ការគិតឲ្យបានរវាសរវៃ ពេលមានបញ្ហា ហើយបង្កើនភាពច្នៃប្រឌិតក្នុងការលេងឲ្យកាន់តែសម្បូរបែបជាងសព្វថ្ងៃ»។


យ៉ាងណាក្ដី កីឡាករជប៉ុនរូបនេះបន្ថែមថា បើធៀបនិងលីគសិង្ហបុរី កីឡាករនៅលីគកំពូលកម្ពុជាមានកម្រិតកាយសម្បទាប្រកួតប្រជែងបាន ហើយគុណភាពបច្ចេកទេសក៏មានស្ថានភាពប្រហាក់ប្រហែលគ្នាផងដែរ។ Fumiya Kogure សង្កត់ធ្ងន់ថា កីឡាករខ្មែរត្រូវការតែការគិតលឿន និងវៃឆ្លាត បូករួមនិងការគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។


គួរឲ្យដឹងថា កីឡាករវ័យ ៣០រូបនេះ ផ្ដើមអាជីពដំបូងនៅប្រទេសជប៉ុនពីឆ្នាំ២០០៨ដល់២០១២ មុន ផ្ដើមដំណើរជីវិតបាល់ទាត់នៅសឹង្ហបុរីពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។ ជយលាភី S. League Player of the Year 2015 ចូលរួមជាមួយសូលទីឡូនៅរដូវកាលនេះ ដោយបំប៉ោងសំណាញ់ទីបាន ៧គ្រាប់ កាន់កំណត់ត្រាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងបណ្ដោះអាសន្នក្នុងក្លិបរបស់ខ្លួន៕

អត្ថបទ៖ CNCC