គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ក្រុមចំនួនពីរនឹងប្រើកីឡដ្ឋាន AEU Sport Park ជាទឹកដីសម្រាប់ជើងទីពីរវគ្គ១៦ក្រុមពានសម្ដេចតេជោ

ក្រុមខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី នឹងប្រើប្រាស់កីឡដ្ឋាន AEU Sport Park របស់ក្លិបអាស៊ីអឺរ៉ុបយូណាយធីតធ្វើជាទឹកដីសម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩ វគ្គ១៦ក្រុម ជើងទី២។ 


ការសម្រេចផ្លាស់ប្ដូរទីតាំងពីទីលានបាល់ទាត់វិទ្យាល័យសម្ដេច ហ៊ុន សែន សួង របស់ក្រុមត្បូងឃ្មុំ និងទីលានរតនគិរី ដោយសារទីកន្លែងទាំងពីរមិនមានលក្ខណៈសម្រាប់ការប្រកួតកម្រិតជាតិនេះ។


គួរបញ្ជាក់ថា ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ ប៉ះព្រះខ័នរាជស្វាយរៀង នៅ AEU Sport Park វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា។ ចំណែកនៅថ្ងៃពុធ ទី១៧ កក្កដា រតនគិរី ត្រូវប៉ះជាមួយសូលទីឡូអង្គរ វេលាម៉ោង៣និង៣០នាទីរសៀលដូចគ្នា។


សូមជម្រាបជូនដែរថា ចាប់ពីវគ្គ១៦ក្រុមនេះតទៅ នឹងមិនមានការបន្ថែម១៥នាទីពីរដងក្រោយលទ្ធផលស្មើគ្នានៅម៉ោងធម្មតា៩០នាទីឡើយ ពោលគឺរាល់ចប់ការប្រកួត៩០នាទីដោយស្មើគ្នា នឹងឈានទៅកាត់សេចក្ដីរកក្រុមឈ្នះតាមរយៈការទាត់១១ម៉ែត្រតែម្ដង៕

អត្ថបទ៖ CNCC