គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូគីរីវង់សុខសែនជ័យប្រាប់មូលហេតុឈ្នះយុវជនបាទីក្នុងជើងទី២ពិបាកជាងជើងទី១

គីរីវង់សុខសែនជ័យ បានយកឈ្នះ ១-០ លើយុវជនសាលាបាល់ទាត់ជាតិបាទី ក្នុងសប្ដាហ៍ទី១៤នៃ Metfone Cambodian League 2019 កាលល្ងាចថ្ងៃសៅរ៍ ទី៦ខែកក្កដា នៅទីលានមជ្ឍមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី។ 


គ្រាប់ជ័យជម្នះនោះរកបានដោយខ្សែបម្រើជនជាតិជប៉ុន Reiya Konishita ក្នុងនាទី៨៣ ដោយតែតបាល់លើកចេញពីជ្រុងខាងស្ដាំដោយ ណុប ច័ន្ទបូរ៉ារស្មី ដែលប្ដូរចូលជំនួស Coulibaly ដែលបានរងរបួសនៅដើមវគ្គទី១។ 


ជ័យជម្នះនេះជាការបន្តធ្វើបានល្អពីសំណាក់ក្រុមបង្វឹកដោយគ្រូជនជាតិថៃ Ekapob Potisai បន្ទាប់ពីពួកគេបានឈ្នះ ណាហ្គាវើលដ៍ ២-០ ក្នុងជើងទី១វគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០១៩ កាលពីថ្ងៃពុធពាក់កណ្ដាលសប្ដាហ៍។ 


ទោះយ៉ាងណា បើធៀបនឹងជើងទី១ កាលពីថ្ងៃបើករដូវកាល Metfone Cambodian League 2019 គីរីវង់សុខសែនជ័យ លើកនេះឈ្នះ យុវជនសាលាបាល់ទាត់ជាតិបាទី យ៉ាងលំបាកលំបិន ដ្បិតជើងទី១ ពួកគេបានឈ្នះដល់ទៅ៤ទល់នឹង១។ 


ជុំវិញភាពខុសគ្នានៃលទ្ធផលនេះ លោក Ekapob Potisai ពន្យល់ថា៖ សម្រាប់ការប្រកួតលើកនេះ កីឡាកររបស់យើងលេងមិនបានល្អដូចការរំពឹងទុកឡើយ ដោយសារយើងទើបតែលេងពានរង្វាន់សម្ដេចហ៊ុនសែន កីឡាករខ្មែរសំខាន់ៗមានបញ្ហារបួសខ្លះៗ ហើយកម្លាំងរបស់ពួកយើងមិនពេញលេញទេ។ ស្របពេលអាកាសធាតុថ្ងៃនេះក្ដៅខ្លាំងផង កាន់តែធ្វើឱ្យរាងកាយរបស់កីឡាករយើងមិន១០០% ពួកយើងមិនអាចបម្លាស់ទីបានល្អ។ 


អតីតគ្រូបង្វឹកក្លិបលីគកំពូលឡាវ Sovan United បន្តថា៖ តែម្យ៉ាងទៀតដោយសារ យុវជនបាទីឥឡូវរីកចម្រើនជាងមុនខ្លាំង ពួកគេធ្វើចលនាបម្លាស់ទីច្រើន បញ្ជូនបាល់បានល្អ លេងបានល្អ។  កាលពីជើងទី១ យើងឈ្នះច្រើនគ្រាប់ ដោយសារយើងរកគ្រាប់ដំបូងបានលឿន បង្កភាពងាយស្រួលដល់យើងក្នុងការរកគ្រាប់បន្ថែម។ តែពេលនេះ យុវជនបាទីរីកចម្រើនច្រើន ពួកគេលេងបានល្អ។ 


សូមបញ្ជាក់ថានេះជាជ័យជម្នះទី៥របស់ គីរីវង់សុខសែនជ័យ ក្នុងចំណោម១៤ប្រកួតក្នុងក្របខ័ណ្ឌ Metfone Cambodian League 2019៕

អត្ថបទ៖ CNCC