គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូយុវជនបាទី៖ ពេលឃើញហ្គេមនៅនាទីដំបូងយើងគិតថាអាចឈ្នះគីរីវង់ តែកំហុសម៉ាកកេបណ្ដាយឱ្យយើងរបូតគ្រាប់ចុងម៉ោង

គ្រូបង្គោលក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ លោក Koji Gyotoku លើកឡើងក្រោយក្រុមរបស់លោកចាញ់គីរីវង់សុខសែនជ័យ ០-១ ក្នុងសប្ដាហ៍ទី១៤ Metfone Cambodian League 2019 កាលពីថ្ងៃសៅរ៍ទី៦ខែកក្កដាថាសាច់បាល់ក្រុមទាំងពីរប្រហាក់ប្រហែលគ្នា ហើយលោកបានគិតថាក្រុមអាចឈ្នះ តែការបញ្ចប់ទីមិនមានប្រសិទ្ធភាពនិងកំហុសម្នាក់ៗក្នុងការម៉ាកកេបាល់ជ្រុងចុងម៉ោង បណ្ដាលឱ្យជួបលទ្ធផលខុសក្ដីរំពឹង។ 


ការប្រកួតនៅទីលានមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទីចុងសប្ដាហ៍កន្លងទៅនេះ ក្រុម U18បាទី បានបង្កើតឱកាសច្បាស់ៗជាច្រើនលើក ពិសេសបាល់ដាច់មួយទល់មួយជាមួយអ្នកចាំទី អឿន សំអាត របស់គីរីវង់សុខសែនជ័យ តែ សៀង ចន្ធា និង ប៊ុនធឿន ប៊ុណ្ណារ៉ុង បានត្រឹមស៊ុតស្រាលៗចំអ្នកចាំទីគីរីវង់។ 


ឯគីរីវង់វិញដែលបានឈ្នះបាទី៤-១កាលជើងទី១នោះ លើកនេះពិបាកក្នុងការលេងទល់យុវជនបាទី ហើយត្រូវរង់ចាំរហូតដល់នាទី៨៣ ទើបរកបានគ្រាប់បាល់តែ១គត់ដោយការតែតរបស់ខ្សែបម្រើជប៉ុន Reiya Konishita ពីការលើកបាល់ជ្រុងស្ដាំដោយ ណុប ច័ន្ទបូរ៉ារស្មី។ 


ក្រោយការប្រកួត លោក Koji លើកឡើងថា៖ ពេលហ្គេមចាប់ផ្ដើមបានបន្តិច យើងឃើញសាច់បាល់ ហើយបានគិតថាយើងអាចឈ្នះប្រកួតនេះ។ តែពួកយើងខ្សោយនៅចុងម៉ោង ដោយសារកំហុសនៃទំនួលខុសត្រូវរបស់ម្នាក់ៗ គឺការម៉ាកកេមិនបានល្អ។ យើងនឹងព្យាយាមកែកំហុសរបស់ពួកគេចាប់ពីពេលនេះទៅ ដើម្បីកុំឱ្យពួកគេមានកំហុសបែបនេះទៀតពេលក្លាយជាកីឡាករអាជីពនៅក្លិបណាមួយនាអនាគត។ 


ដោយឡែក គ្រូបង្គោលគីរីវង់សុខសែនជ័យ លោក Ekapob Potisai ក៏បានសរសើរក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំផងដែរថាពួកគេរីកចម្រើនច្រើនជាងជើងទី១ ទាំងចលនាបម្លាស់ទី ការបញ្ជូនបាល់ និងគុណផល។ 


U18 បាទី មកទល់សប្ដាហ៍ទី១៤នេះ មានតែ៣ពិន្ទុប៉ុណ្ណោះ ដែលបានពីជ័យជម្នះ៣-០លើក្រុមកំពង់ចាម។ U18 បាទី បានស៊ុតចូលគេ១២គ្រាប់ តែរបូតវិញ៤៦គ្រាប់៕

អត្ថបទ៖ CNCC