គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ហៅ សុជាតិ៖ វឌ្ឍនាកាឥឡូវកាន់តែចាស់ចិត្តចាស់គំនិតនិងខំប្រឹងលើសមុនទ្វេដង

លោក ហៅ សុជាតិ គ្រូបង្គោលក្រុមបឹងកេត បានបង្ហើបឱ្យដឹងថាខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ឆ្នាំនេះមានភាពរីកចម្រើនប្រសើរឡើងច្រើនលើសពីឆ្នាំមុនៗលើភាពចាស់ទុំរបស់គេទាំងនៅលើទីលាននិងក្រៅទីលាន។ 

 
វឌ្ឍនាកា បានត្រលប់ចូលបឹងកេត ក្នុងជុំទី២នៃក្របខ័ណ្ឌ Metfone Cambodian League 2019 នេះ ដោយចុះកិច្ចសន្យា៣ឆ្នាំ ក្រោយចែកផ្លូវពីក្លិបលីគកំពូលម៉ាឡេស៊ី PKNS FC។ 


តារាឆ្នើមកម្ពុជាវ័យ២៥ឆ្នាំ មានបទពិសោធលេងនៅក្រៅប្រទេសក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដោយដំបូងគេបានចាយពេល១រដូវកាល២០១៧ជាមួយក្លិបជប៉ុន Fujieda MYFC។  បន្ទាប់មក គេបានចូលរួមក្លិបយក្សម៉ាឡេស៊ី Pahang FA ក្នុងឆ្នាំ២០១៨ និងបានលេងជុំទី១នៃលីគកំពូលម៉ាឡេស៊ី តែនៅពាក់កណ្ដាលទី២នៃរដូវកាលនោះគេបានមកបឹងកេតវិញ។ នៅដើមឆ្នាំ២០១៩នេះ ខ្សែប្រយុទ្ធល្បីកម្រិតតំបន់អាស៊ីអាគ្នេយ៍របស់កម្ពុជា បានទៅប្រឡូកអាជីពនៅលីគកំពូលម៉ាឡេស៊ីលើកទី២ ដោយចូលរួម PKNS ហើយបានលេងក្នុងជម្រើស១១នាក់ដំបូងញឹកញាប់ក្នុងជុំទី១ មុនចែកផ្លូវគ្នាពេលដោះដូរកីឡាករត្រៀមជើងទី២។ ដូចលើកមុនដែរ វឌ្ឍនាកា បានវិលមកកម្ពុជាវិញហើយចូលរួមបឹងកេត តែលើកនេះគេចុះកុងត្រាថ្មីជាមួយក្លិបអ្នកស្រី ពុធ ធីតា ដល់ទៅ៣ឆ្នាំ និងបានមើលរំលងសំណើពីក្លិបនៃលីគកំពូលថៃ។ 


វឌ្ឍនាកា បានចូលលេងឱ្យបឹងកេតជាថ្មីបាន២ប្រកួតហើយ ដោយក្នុងនោះគេរកបានដល់ទៅ៥គ្រាប់ និងបញ្ជូន១គ្រាប់។ ពោលគឺ កីឡាករឈ្មោះហៅក្រៅ CV11 ស៊ុតចូល សៀមរាប ៣គ្រាប់ក្នុងជើងទី១វគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរកបាន២គ្រាប់ព្រមទាំងបញ្ជូន១គ្រាប់ទៀតពេលចូលលេង Metfone Cambodian League លើកដំបូងក្នុងជុំទី២ ទល់នឹង ភ្នំពេញក្រោន ចុងសប្ដាហ៍មុន។ ការត្រលប់មកវិញរបស់ វឌ្ឍនាកា លើកនេះត្រូវបានលោក ហៅ សុជាតិ មើលឃើញថាកាន់តែល្អជាងឆ្នាំមុនទៅទៀត ទាំងចិត្តគំនិត និងការប្រឹងប្រែង។ 


គ្រូបង្វឹកដែលរៀនវគ្គ A License ក្នុងឆ្នាំ២០១៩នេះ ប្រាប់ CNCC ថា៖ ឆ្នាំនេះគាត់(CV11)ប្លែកពីឆ្នាំមុនច្រើនណាស់។ គាត់រីកចម្រើនច្រើនមែនទែនក្នុងអាជីពមួយនេះ។ នៅទីលានហ្វឹកហាត់ គាត់ប្រឹងប្រែងហាត់លើសមុនទ្វេដង ហើយគាត់ពោលពាក្យលើកទឹកចិត្តនិងចែករំលែកបទពិសោធពីភាពជាកីឡាករអាជីពដល់កីឡាករក្មេងៗក្នុងក្រុម ព្រមទាំងជំរុញទឹកចិត្តមិត្តរួមក្រុមទាំងអស់ឱ្យសហការគ្នាខិតខំប្រឹងប្រែងបន្ថែមទៀតទាំងអស់គ្នា។ 


លោក សុជាតិ បន្ថែមថា៖ "ការបង្ហាញខ្លួនលើកដំបូងរបស់គាត់ក្នុងលីគឆ្នាំនេះទល់នឹងក្រោន ខ្ញុំយល់ថាគាត់ធ្វើបានល្អហើយ ព្រោះគាត់រកបាន២គ្រាប់និង assist មួយគ្រាប់ទៀត។ តែខ្ញុំគិតថាគាត់ទើបតែលេងបាន៨០%នៃចំណុចកំពូលរបស់គាត់ប៉ុណ្ណោះ។ កាលនៅម៉ាឡេស៊ី គេហាត់ពេលយប់និងលេងពេលយប់។ ឯនៅស្រុកយើង ភាគច្រើនហាត់ពេលថ្ងៃនិងលេងពេលថ្ងៃ ដូច្នេះខ្ញុំគិតថាគាត់មិនទាន់សម្របបានពេញលេញនៅឡើយ ព្រោះគាត់ទើបតែមកវិញថ្មីៗ។ តែខ្ញុំជឿជាក់ថាគាត់នឹងវិលទៅរកចំណុចកំពូលរបស់គាត់វិញឆាប់ៗនេះ ព្រោះរាល់ថ្ងៃគាត់ប្រឹងហាត់ខ្លាំងណាស់"៕

អត្ថបទ៖ CNCC