គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ប៉ះបឹងកេតថ្ងៃនេះ សៀមរាបប្ដេជ្ញាមិនឲ្យរបូតគ្រាប់បាល់ច្រើនដូចជើងទីមួយ

លោក លី ធារ៉ា គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសខេត្តសៀមរាប អះអាងថា នឹងរៀបចំក្រុមឲ្យបានល្អជាងជើងទីមួយពេលប៉ះបឹងកេត សម្រាប់ជើងទីពីរ វគ្គ១៦ក្រុម ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ នៅថ្ងៃពុធ ទី១០ ខែកក្កដា នេះ ជាពិសេសមិនឲ្យរបូតគ្រាប់បាល់ច្រើនដូចជើងទីមួយ។


ក្រុមជើងឯករងថ្នាក់ខេត្តបានប្រកួតចាញ់ជើងឯក Metfone Cambodian League ៣សម័យ០ទល់នឹង៦ កាលជើងទីមួយ ថ្ងៃទី២៦ ខែមិថុនា នាកីឡដ្ឋានខេត្តសៀមរាប។ យ៉ាងណា លោក លី ធារ៉ា ទទួលស្គាល់ភាពខុសគ្នារវាងក្រុមកម្រិតខេត្ត និងក្លិបអាជីព ខណៈក្រុមរបស់លោកក៏សម្បូរដោយយុវជនថែមទៀត។


លោក លី ធារ៉ា រៀបរាប់ ៖”សម្រាប់ជើងទីពីរយើងនឹងរៀបចំយ៉ាងម៉េចមិនឲ្យមានគ្រាប់បាល់ច្រើនជាងហ្នឹង។ កម្រិតលេងរបស់យើងនៅក្រោមគេខ្លាំង ព្រោះគេជាក្លិបអាជីព គេជុំគ្នាទៀងទាត់ ហើយកីឡាករយើងសុទ្ធតែជាយុវជន ចំពោះការហ្វឹកហាត់ក៏មិនសូវបានជុំគ្នា”។


ដោយឡែក ទោះបានលទ្ធផលមិនល្អនៅត្រឹមវគ្គ១៦ក្រុម គ្រូបង្វឹកសៀមរាប ចាត់ទុកការប្រកួត ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ មិនមែនជារឿងអាក្រក់ទេ តែជាការបង្កើនបទពិសោធដល់យុវជនខ្លួនជាច្រើន ជាពិសេសអាចក្លាយជាក្រុមដ៏ខ្លាំងមួយក្នុងចំណោមក្រុមលំដាប់ខេត្តឯទៀត៕

អត្ថបទ៖ CNCC