គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ប្រធានក្លិបបឹងកេតភ័យផងអរផងពេលបើកកីឡដ្ឋានផ្ទាល់ខ្លួនសម្រាប់ប្រកួតផ្លូវការលើកដំបូង

អ្នកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត បង្ហើបថា មានអារម្មណ៍ភ័យផង អររំភើបផងនៅពេលបើកកីឡដ្ឋានផ្ទាល់ខ្លួនលើកដំបូងដែលមានមូលដ្ឋាននៅបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ សម្រាប់ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ជើងទីពីរ វគ្គ១៦ នៅថ្ងៃពុធ ទី១០ ខែកក្កដា នេះ។


ប្រធានក្លិបជាអ្នកជំនួញខាងលើអះអាងថា សប្បាយចិត្ត ព្រោះទុកដូចជាមានផ្ទះផ្ទាល់ខ្លួនដែរ ហើយថា ក្រុមការងារបាននៅដល់យប់ជ្រៅដើម្បីរៀបចំគម្រោងផ្សេងៗសម្រាប់ការប្រកួតលើកដំបូង ហើយនៅព្រឹកថ្ងៃពុធ ទី១០ នេះក៏មានការសែនព្រេនខ្លះៗដែរ។


អ្នកស្រី ពុធ ធីតា រៀបរាប់ ៖”ភ័យអរៗ ទោះបីស្តាតមិនទាន់ហើយ តែដូចភ័យអរៗរំភើបៗ របៀបដូចមានផ្ទះខ្លួនឯងអ៊ីចឹង។ សម្រាប់កៅអីអង្គុយ យើងធ្វើបានមួយចំហៀង ហើយជាបណ្ដោះអាសន្ន អាចផ្ទុកអ្នកមើលបានខ្ទង់១០០០នាក់អីដែរ។ ចង់សំណូមឲ្យអ្នកគាំទ្រមកមើលច្រើនដែរ តែវាមិនទាន់ហើយ១០០ភាគរយអ៊ីចឹង គាត់នៅមើលតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតក៏បានដែរ ព្រោះបន្ទប់ទឹកអីក៏មិនទាន់ហើយ។ បន្ទប់ទឹកនៅប្រើនៅហាងគេនៅឡើយ”។ 


គួរបញ្ជាក់ថា ក្រុមជម្រើសខេត្តសៀមរាបនឹងក្លាយជាភ្ញៀវទីមួយនៅកីឡដ្ឋានបឹងកេតដែលកំពុងស្ថិតក្រោមដំណើរការសាងសង់ជិតរួចរាល់១០០ភាគរយ លើផ្ទៃដី១៤៥០០ម៉ែត្រការ៉េ និងចាយទុនប្រមាណជាង១លានដុល្លារអាមេរិក។


ការប្រកួតរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ផ្សាយផ្ទាល់ដោយទូរទស្សន៍ BTV៕

អត្ថបទ៖ CNCC