គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អ្នកចាត់ការកំពង់ចាមប្រាប់វិធីអាចផ្ទេរយកកូនខ្មែរបារាំង

ការពន្យល់ពីគោលបំណងធំរបស់ក្លិប និងឱកាសបង្ហាញសមត្ថភាពលើទីលាន គឺជាកត្តាដែលក្លិបបាល់ទាត់ខេត្តកំពង់ចាម អាចចរចានាំយកកីឡាករខ្មែរបារាំង សំ តូម៉ា និង ពេជ្រ អូវិន ចូលរួមនៅជុំទីពីរនៃក្របខណ្ឌ Metfone Cambodian League បន្ទាប់ពីពួកគេចប់កិច្ចសន្យានៅភ្នំពេញក្រោន។ នេះបើតាមការឲ្យដឹងពីអ្នកចាត់ការក្លិបកំពង់ចាម លោក ស្រេង វ៉ាន់ណូ។ 


ថ្នាក់ដឹកនាំក្រុមថ្មីនៅ MCL សង្កត់ធ្ងន់ថា ទោះមិនសូវមានធនធានច្រើន តែនៅក្លិបកំពង់ចាម អ្នកទាំងពីរអាចមានឱកាសលេងច្រើនដើម្បីបង្ហាញសមត្ថភាពឈានទៅទាក់ទាញចំណាប់អារម្មណ៍ក្រុមធំៗនាពេលខាងមុខ។


លោក ស្រេង វ៉ាន់ណូ ពន្យល់ ៖”យើងបាននិយាយទៅកាន់គាត់ និងពន្យល់ពួកគាត់ដើម្បីឲ្យយល់ពីក្លិបកំពង់ចាម ហើយពួកគាត់បានឯកភាពនូវអ្វីដែលយើងអាចផ្ដល់ឲ្យ ហើយការមកលេងនៅក្លិបដូចយើងនេះអាចឲ្យពួកគាត់កើនឡើងមួយកម្រិតទៀត ព្រោះពួកគាត់អាចមានឱកាសលេងច្រើនដើម្បីប្រឹងប្រែងបង្កើនសមត្ថភាព និងអាចទាក់ទាញក្លិបធំៗឯទៀតនាពេលខាងមុខ”។


គួរដឹងដែរថា កូនខ្មែរបារាំង ពេជ្រ អូវែន និង សំ តូម៉ា ស្ថិតក្នុងចំណោមកីឡាករ៦រូបដែលចូលរួមជាមួយក្លិបកំពង់ចាមនៅជើងទី២ MCL 2019 ដោយរួមមានកីឡាករខ្មែរ ផាត រតនា ផ្ទេរពីគិរីវង់សុខសែនជ័យ ព្រមទាំងកីឡាករបរទេរស៣រូបទៀត គឺ Alonso Chika, Adu Emanuel Kweshi ដែលជាជនជាតិហ្គាណា និងអ្នកចាំទីជប៉ុន Aso Shoyoa៕

អត្ថបទ៖ CNCC