គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Conor Nestor ទម្លាយហេតុផលព្រះខ័នរាជស្វាយរៀងមិនផ្លាស់កីឡាករច្រើនដូចក្លិបដទៃ

លោក Conor Nestor គ្រូបង្គោលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបញ្ជាក់ថា ការមិនផ្លាស់ប្ដូរកីឡាករ គួរឲ្យកត់សម្គាល់ដូចក្លិបឯទៀត អំឡុងទីផ្សារដោះដូរជុំទីពីរនៃក្របខណ្ឌ Metfone Cambodian League 2019 កន្លងទៅ ព្រោះពេញចិត្តនូវសមាសភាពដែលមាននាពេលបច្ចុប្បន្ន។


គ្រូបង្វឹកជនជាតិអៀរឡង់សង្កត់ធ្ងន់ថា រីករាយចំពោះកីឡាករទាំង២៧រូបរបស់ខ្លួន ពោលគឺទាំងកូនក្រុមខ្មែរ និងបរទេស ហើយលោកមិនចង់បង្កើនចំនួនច្រើនជាងនេះទេ ព្រោះចង់ឲ្យសមាជិកគ្រប់រូបមានឱកាសលេង ជាពិសេសផ្ដោតលើការខិតខំប្រឹងប្រែង។


គ្រូបង្វឹកកាន់ UEFA A-License បញ្ជាក់ ៖”ខ្ញុំមិនធ្វើតាមក្លិបផ្សេងទេ ខ្ញុំធ្វើតាមអ្វីដែលខ្ញុំជឿថាល្អសម្រាប់ព្រះខ័នរាជស្វាយរៀង យើងមិនចង់ផ្លាស់ប្ដូរ ព្រោះយើងរីករាយនឹងចំនួនកីឡាករទាំង២៧រូបរបស់យើង ដូច្នេះយើងមិនផ្លាស់ប្ដូរទេពេលយើងរីករាយនូវអ្វីដែលយើងមាន”។


លោក Conor បន្ថែមថា ការពង្រីកសមាជិកពុំមែនជារឿងល្អណាស់ណា ព្រោះកីឡាករដែលនៅស្រាប់អាចគិតថា មិនអាចមានឱកាសលេង ហើយធ្វើឲ្យពួកគេថមថយការខំប្រឹងប្រែងទៅវិញ។ អំឡុងការផ្លាស់ប្ដូរកន្លងទៅ ក្រុមជើងឯកសម្ដេចតេជោ ហ៊ុន សែន ៤សម័យ នាំចូលតែអ្នកចាំទីវ័យក្មេងមួយរូបប៉ុណ្ណោះ។


គួរដឹងដែរថា ព្រះខ័នរាជស្វាយរៀង នៅតែមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយពីការប្រកួតក្របខណ្ឌកំពូលរដូវកាល២០១៩ ចំនួន១៤លើកកន្លងទៅ។ ជាក់ស្ដែង ពួកគេបន្តបាន៣ពិន្ទុពីការឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ០ទល់នឹង២ នៅកីឡដ្ឋានអគ្គិសនី កាលថ្ងៃអាទិត្យទី០៧ ខែកក្កដា៕

អត្ថបទ៖ CNCC