គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អ្នកចាត់ការកំពង់ចាម ៖ ឯកឧត្តមអភិបាលថ្មីនឹងជួយក្លិបកំពង់ចាមពេញទំហឹង

លោក ស្រេង វ៉ាន់ណូ អ្នកចាត់ការក្លិបខេត្តកំពង់ចាម បានចូលជួបជាមួយឯកឧត្តម អ៊ុន ចាន់ដា ដែលជាអភិបាលខេត្តថ្មី កាលរសៀលថ្ងៃពុធ ទី១០ ខែកក្កដា កន្លងទៅនៅគេហដ្ឋានឯកឧត្តមផ្ទាល់តែម្ដងដើម្បីសំណេះសំណាលពីការងារបាល់ទាត់។


អ្នកចាត់ការក្លិបដដែលឲ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះក្លិបខេត្តកំពង់ចាម ដែលកំពុងប្រកួតប្រជែងនៅក្របខណ្ឌ Metfone Cambodian League ហើយថា ឯកឧត្តមនឹងខិតខំខ្នះខ្នែងជួយជ្រោមក្លិបនេះឲ្យកាន់តែប្រសើរ។


លោក ស្រេង វ៉ាន់ណូ រៀបរាប់ ៖ “ខ្ញុំបានចូលទៅជួបឯកឧត្តមអភិបាលខេត្តនៅគេហដ្ឋានរបស់គាត់។ គាត់បានសួរនាំពីក្លិបបាល់ទាត់ខេត្តកំពង់ចាម ហើយយើងទទួលបានការស្វាគមន៍ពីគាត់ និងយកចិត្តទុកដាក់ពីគាត់ផងដែរ។ គាត់បានប្រាប់យើងថា គាត់នឹងជួយពេញទំហឹងតែម្ដង។ ទីមួយ គឺគាត់សំដៅទៅលើទីលាន។ ព័ត៌មានមួយទៀត នៅសប្ដាហ៍ក្រោយ ថ្នាក់ដឹកនាំក្លិប Singburi នឹងមកកំពង់ចាមម្ដងទៀត ហើយក៏សូមជួបឯកឧត្តមអភិបាលខេត្តដែរ”។


លោក ស្រេង វ៉ាន់ណូ បន្ថែមថា ឯកឧត្តម អ៊ុន ចាន់ដា ក៏បានឧបត្ថម្ភថវិកាមួយចំនួនជាសោហ៊ុយធ្វើ់ដំណើរទៅកាន់ខេត្តសៀមរាបសម្រាប់ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលជាមួយម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា៕

អត្ថបទ៖ CNCC