គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

វ៉ា ខ្វិនទីន រំពឹងឈ្នះស្បែកជើងមាសសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ

ក្រោយរកបាន១១គ្រាប់ពីសំណាញ់ទីកំពង់ចាមទាំងពីរជើងនៅវគ្គ១៦ក្រុមចុងក្រោយ ខ្សែបម្រើប្រយុទ្ធ វ៉ា ខ្វិនទីន សង្ឃឹមថា នឹងអាចដណ្ដើមបានស្បែកជើងមាស ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិនៅរដូវកាល២០១៩។


សមាជិកក្លិបភ្នំពេញក្រោនយល់ឃើញថា នៅវគ្គបន្តបន្ទាប់ទៀតនឹងកាន់តែតានតឹង ព្រោះក្រុមល្អៗត្រូវប៉ះគ្នា ដូច្នេះការមានច្រើនគ្រាប់តាំងពីវគ្គដំបូងនេះ បានពង្រឹងក្ដីសង្ឃឹមរបស់គេប្រជែងយកតំណែងកិត្តិយសខាងលើ។


អតីតកីឡាករជម្រើសជាតិកម្ពុជារៀបរាប់ ៖”ខ្ញុំគិតថា ខ្ញុំអាចឈ្នះស្បែកជើងមាសពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ព្រោះក្រុមធំៗនឹងប៉ះគ្នាចាប់ពីវគ្គ៨ក្រុមតទៅ ដូច្នេះ វានឹងឲ្យពិបាកក្នុងការស្វែងរកគ្រាប់បាល់។ ប៉ុន្តែ យើងមិនទាន់ដឹងនៅឡើយទេ។ ក្នុងបាល់ទាត់ អ្វីៗក៏អាចបានដែរ យើងរង់ចាំមើលដល់ពេលចុងក្រោយសិន”។


ពាក់ព័ន្ធទៅនឹងសំណួរថាតើ ការប៉ះកំពង់ចាមនៅវគ្គ១៦ក្រុមកន្លងទៅជាសំណាងល្អសម្រាប់ភ្នំពេញក្រោន ឬយ៉ាងណា វ៉ា ខ្វិនទីន អះអាងថា មិនដែលមើលស្រាលក្រុមណាឡើយ តែនៅប្រកាន់ខ្ជាប់នូវការគោរពចំពោះគូប្រកួតទាំងអស់។


គួរដឹងដែរថា ជើងទីមួយ វ៉ា ខ្វិនទីន រកបាន៥គ្រាប់ពេលភ្នំពេញក្រោន ឈ្នះ១០ទល់នឹង០ មុនរកបាន៦គ្រាប់បន្ថែមទៀតពេលឈ្នះ០ទល់នឹង១៤នៅជើងទីពីរ៕

អត្ថបទ៖ CNCC