គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

វិសាខាបើកធ្វើតេស្ដ៤ថ្ងៃរើសយុវជន U15

ក្លិបបាល់ទាត់វិសាខាបានរៀបចំកម្មវិធីធ្វើតេស្ដជ្រើសរើសយុវជនថ្នាលអាយុក្រោម១៥ឆ្នាំ ដើម្បីបង្កើនមួយក្រុមបន្ថែមទៀតពីលើឈុតអាយុក្រោម១៧ឆ្នាំ។ 


កម្មវិធីចម្រាញ់យកអ្នកស្នងបាល់ទាត់ជំនាន់ក្រោយដ៏ពិសេសនេះបានចាប់ផ្ដើមពីថ្ងៃសុក្រ ទី១២ ខែកក្កដា និងគ្រោងបញ្ចប់នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ដោយមានយុវជនប្រមាណ៧០នាក់មកពីបណ្ដាខេត្តក្រុងនានាទូទាំងប្រទេសកម្ពុជា ហើយត្រូវចម្រាញ់យក២៣នាក់។ 


លោក ហុក សុចិត្រា អ្នកចាត់ការក្លិបវិសាខា ធ្លាប់ប្រាប់ CNCC ថា យុវជនមកធ្វើតេស្ដនេះក៏មានលាយបញ្ចូលកីឡាករល្អៗដែលក្លិបមើលឃើញពីពានយុវជន U15 កាលខែមិថុនា កន្លងទៅដែរ។ សម្រាប់ការមកធ្វើតេស្ដនៅភ្នំពេញ គឺវិសាខាជាអ្នករ៉ាប់រងដោយផ្ទាល់តែម្ដង។


គួររំឭកថា វិសាខា បានបង្កើតក្រុមថ្នាលដំបូង គឺឈុតអាយុក្រោម១៧ឆ្នាំ នៅចុងឆ្នាំ២០១៧ និងទើបតែឈ្នះពានរង្វាន់យុវជន U17 មួយកាលពីពេលថ្មីៗនេះ៕

អត្ថបទ៖ CNCC
ប្រភពរូប៖ Visakha Football Club