គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Mizuno ថា គ្រប់ប្រកួតសុទ្ធតែលំបាកក្នុងឆ្នាំនេះ ហើយប៉ងកែប្រែចំនុចខ្វះខាតមួយចំនួន

ខ្សែបម្រើបឹងកេត Mizuno Hikaru ទទួលស្គាល់ថា គ្រប់ការប្រកួតទាំងអស់ក្នុងពានរង្វាន់ Metfone Cambodian League 2019 សុទ្ធសឹងតែជាជំនួបដ៏តឹងតែង ខុសពីឆ្នាំកន្លងទៅ ព្រោះស្ទើរគ្រប់ក្រុមមានការរៀបចំបានល្អ ហើយថារូបគេនៅមានចំនុចខ្វះខាតមួយចំនួនត្រូវកែប្រែ ដើម្បីដោះស្រាយជាមួយការលំបាកទាំងប៉ុន្មាននៅជុំទី២។


«មិនដូចរដូវកាលកន្លងមកទេ ឆ្នាំនេះក្រុមទាំងអស់មានកីឡាករល្អៗច្រើន មានការត្រៀមយុទ្ធសាស្ត្រប្រកួតបានត្រឹមត្រូវជាងមុន អញ្ចឹងខ្ញុំពុំដែលគិតថាប្រកួតណាស្រួលជាងប្រកួតមួយណាឡើយ។ ក្នុងនាមជាខ្សែបម្រើការពារ ខ្ញុំត្រូវធ្វើការឲ្យបានច្រើនបំផុត ប្រកបដោយគុណភាពសម្រាប់ក្រុម ព្រោះគ្រូបង្វឹកចង់ឲ្យខ្ញុំលេងនៅតំណែងនេះជាងគេ ហេតុនេះខ្ញុំនឹងព្យាយាមពង្រឹងសមត្ថភាពដោះស្រាយបញ្ហាឲ្យបានល្អ ហើយកាន់តែខ្លាំងជាងជើងទី១ទៅទៀត»។


កីឡាករជប៉ុនខាងលើបន្ថែមថា ក្ដីរំពឹងក្នុងការឈានទៅកំពូលតារាងនៅពុំទាន់រសាត់ឆ្ងាយពេកនោះទេ សម្រាប់បឹងកេត ហេតុនេះគេ និងក្រុមទាំងមូល នឹងប្រឹងប្រែងរកលទ្ធផលល្អប្រសើរពីមួយប្រកួតទៅមួយប្រកួត ដើម្បីសម្រេចសុបិន្តគ្រងជើងឯកលីគកំពូលកម្ពុជាជាលើកទី៤។


គួររំឭកថា ខ្សែបម្រើការពារវ័យ២៨ឆ្នាំ Mizuno Hikaru ផ្ដើមអាជីពបាល់ទាត់ដំបូងនៅក្លិបលីកទី២ជប៉ុន Ryukyu មុនផ្លាស់ទៅ  Albirex Niigata សិង្ហបុរីនៅឆ្នាំបន្ទាប់។ គេបានបន្តដំណើរលើវិថីបាល់ទាត់ដល់ទឹកដីកម្ពុជានៅឆ្នាំ២០១៦ ដោយបានរួមរស់ជាមួយព្រះខ័នរាជស្វាយរៀង ហើយនៅឆ្នាំបន្ទាប់គេបានចូលរួមជាមួយបឹងកេត រហូតដល់បច្ចុប្បន្ន៕

អត្ថបទ៖ CNCC