គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ស៊ុ វណ្ណា ក្រសោបពានគ្រូល្អលើកដំបូង ខណៈ Privat ទទួលបានពានកីឡាករល្អលើកទីពីរ

លោក ស៊ុ វណ្ណា គ្រូបង្គោលបណ្ដោះអាសន្នក្លិបភ្នំពេញក្រោនត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ជ្រើសរើសជាគ្រូបង្វឹកល្អប្រចាំខែមិថុនា នៃក្របខណ្ឌ Metfone Cambodian League 2019 និងជាលើកដំបូង។


អតីតគ្រូបង្គោលស៊ីម៉ាក់យូណាយធីត និងវេស្ទើនភ្នំពេញបានដឹកនាំក្រុមមានមូលដ្ឋាននៅកីឡដ្ឋាន RSN ឈ្នះ៤ប្រកួតជាប់គ្នានៅ MCL ខែមិថុនា កន្លងទៅ ពោលគឺឈ្នះក្រសួងការពារជាតិ ៣ទល់នឹង១, ឈ្នះអគ្គិសនីកម្ពុជា ០ទល់នឹង៥, ឈ្នះអង្គរថាយហ្គឺរ ១ទល់នឹង០ និងឈ្នះកំពង់ចាម ២ទល់នឹង១៧។ លោក ស៊ុ វណ្ណា ដែលចូលរួមជាមួយភ្នំពេញក្រោននៅដើមរដូវកាលក្នុងនាមជាគ្រូជំនួយ ត្រូវបានតែងតាំងជាគ្រូបង្គោលបណ្ដោះអាសន្ន ក្រោយការចាកចេញរបស់លោក Leonardo Vitorino កាលខែឧសភា។


ចំណែក ខ្សែប្រយុទ្ធ Privat Mbarga ជាប់ជាកីឡាករឆ្នើមប្រចាំខែមិថុនា បន្ទាប់ពីរួមចំណែកធំឲ្យព្រះខ័នរាជស្វាយរៀងបន្តភាពមិនចាញ់សោះ។ អំឡុងខែមិថុនានោះ បុរសជនជាតិកាមេរូនជាប់ជាកីឡាករល្អប្រចាំការប្រកួតសប្ដាហ៍ទី១១ដែលឈ្នះក្រសួងការពារជាតិ ១ទល់នឹង២ និងសប្ដាហ៍ទី១៣ ពេលស្មើណាហ្គាវើលដ៍ ០ទល់នឹង០។ 


នេះជាលើកទីពីរដែល Privat យកបានតំណែងកីឡាករឆ្នើមប្រចាំខែ ដោយលើកទីមួយធ្វើបាននៅខែមេសា៕

អត្ថបទ៖ CNCC