គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អ្នកចាត់ការក្រុមនគរបាលជាតិរីករាយនឹង១ពិន្ទុពីអាស៊ីអឺរ៉ុបព្រោះផ្អែកលើចំណុចប្រឈមមួយ

អ្នកចាត់ការក្រុមនគរបាលជាតិ លោក ប្រាក់ សុវណ្ណារ៉ា រីករាយចំពោះការទទួលបាន១ពិន្ទុពីការប្រកួតនៅកីឡដ្ឋានអេ.អ៊ី.យូ.ស្ប៉តផាក ដែលស្មើ១-១ជាមួយ អាស៊ីអឺរ៉ុប យូណាយធីត ក្នុងសប្ដាហ៍ទី១៥នៃ Metfone Cambodian League 2019 កាលពីថ្ងៃសៅរ៍ទី១៣ខែកក្កដា។


ក្នុងការប្រកួតដែលផ្សាយផ្ទាល់ដោយទំព័រហ្វេសប៊ុក Kampuchea Thmey Daily នោះ ក្រុមភ្ញៀវនគរបាលជាតិ បានបើកការនាំមុខមុនក្នុងនាទីទី១០ដោយខ្សែប្រយុទ្ធជនជាតិប្រេស៊ីល Souza E Silva Matheus។ តែនៅដើមវគ្គទី២ ពោលគឺក្នុងនាទី៥០ Coulibali Abdel Kader ស៊ុតតាមស្មើឱ្យ អាស៊ីអឺរ៉ុប យូណាយធីត វិញ ហើយលទ្ធផលនេះបាននៅថេររហូតដល់ចប់ការប្រកួត។


ថ្វីបើកាលពីជើងទី១ នគរបាលជាតិ បានឈ្នះ៣-២ ហើយជើងទី២នេះបានត្រឹមស្មើ១-១ តែលោក ប្រាក់ សុវណ្ណារ៉ា មិនខកចិត្តនឹងលទ្ធផលនេះឡើយ។ ​ផ្ទុយទៅវិញ គ្រូបាល់ទាត់កម្រិត Pro License ដំបូងគេនិងតែម្នាក់គត់របស់កម្ពុជារូបនេះ បង្ហាញអារម្មណ៍វិជ្ជមានថា៖ «បាទថ្ងៃនេះ ទោះបីយើងបានតែ១ពិន្ទុ តែយើងនៅតែសប្បាយចិត្ត ព្រោះយើងដឹងហើយថាទីលាននេះរាងពិបាកលេងបន្តិចដោយសារស្មៅក្រាស់ហើយមិនស្មើ ចំណែកអាស៊ីអារ៉ុបស៊ាំនឹងទីលាននេះបានច្រើនជាងយើង។ ទោះយ៉ាងណាយើងពេញចិត្តនឹង១ពិន្ទុនេះ»។


យ៉ាងណាក្ដី អតីតគ្រូបង្វឹកភ្នំពេញអឹមផាយអឺ(ក្រោនបច្ចុប្បន្ន), ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៍, បឹងកេត និង គីរីវង់សុខសែនជ័យ ដដែល ហាក់ស្ដាយបន្តិចចំពោះគ្រាប់បាល់ដែលក្រុមរបូត ដោយនិយាយថា៖ «យើងមានការសោកស្ដាយដែរដែលរបូតគ្រាប់បាល់ងាយ មានន័យថាយើងមានឱកាសការពារបាន តែយើងបណ្ដោយឱ្យគេទាត់ចូលយើងបាន។ ទោះយ៉ាងណាយើងបានបង្កើនឱកាសល្អច្រើនដែរ។ យើងនឹងប្រឹងប្រែងបន្តទៀតដើម្បីពង្រឹងចំណុចខ្វះខាត»។


ក្រុមនគរបាលជាតិ ពេលនេះកំពុងឈរលេខរៀងទី១១ដដែល មាន១៤ពិន្ទុពី១៥ប្រកួត តាមរយៈការឈ្នះ៤ដង, ស្មើ២ដង និងចាញ់៩ដង។ សប្ដាហ៍ក្រោយពួកគេនឹងជួបក្រុមការពារតំណែងជើងឯក ណាហ្គាវើលដ៍ក្នុងសប្ដាហ៍ទី១៦ Metfone Cambodian League៕

អត្ថបទ៖ CNCC