គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Oriol ៖ បើកំពង់ចាមលេងបែបនេះនៅប្រកួតក្រោយៗ ក្រុមផ្សេងៗនឹងពិបាករកគ្រាប់ជាងមុន

លោក Oriol Mohedano គ្រូបង្គោលក្លិបអង្គរថាយហ្គឺរ បានបង្ហាញការសាទរចំពោះក្លិបបាល់ទាត់ខេត្តកំពង់ចាមដែលមានភាពរីកចម្រើនជាងមុនក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League ជុំទីពីរ បន្ទាប់ពីផ្លាស់ប្ដូរសមាសភាពមួយចំនួន ជាពិសេសការបន្ថែមកូនក្រុមបរទេស និងខ្មែរបារាំង។


ជាក់ស្ដែង ក្នុងជំនួបសប្ដាហ៍ទី១៥ កាលថ្ងៃអាទិត្យ ទី១៤ កក្កដា ក្រុមម្ចាស់ផ្ទះមានមូលដ្ឋាននៅខេត្តសៀមរាប ឈ្នះត្រឹម៤ទល់នឹង០ប៉ុណ្ណោះ ខុសឆ្ងាយពីជុំទីមួយនៅទីលានវិទ្យាល័យហ៊ុនសែនមេមត់ដែលរកបានដល់ទៅ០ទល់នឹង១១។ បុរសជនជាតិអេស្ប៉ាញយល់ឃើញថា ប្រសិនបើកំពង់ចាមលេងដូចកាលថ្ងៃអាទិត្យ ក្រុមផ្សេងៗមិនងាយរកគ្រាប់បានច្រើនដូចមុនឡើយ។


អតីតគ្រូបង្គោលក្លិបភ្នំពេញក្រោនរៀបរាប់ ៖”កំពង់ចាមបច្ចុប្បន្នជាក្រុមដ៏តឹងជាងមុន ដោយមិនមែនចេះតែរបូតគ្រាប់បាល់ទៀតទេ។ ប្រសិនបើពួកគេលេងដូចរបៀបនេះគ្រប់ការប្រកួត វាក៏ជារឿងដ៏រីករាយមួយសម្រាប់ខ្ញុំដែរ ហើយខ្ញុំមើលឃើញថា ពួកគេលេងគ្រាន់បើ ហើយក៏មានជំនឿថា ឈ្នះក្រុមខ្ញុំទៀត។ នេះជាអ្វីដែលខ្ញុំចង់ឃើញគ្រប់ការប្រកួត”។


ជាមួយគ្នានេះ លោក ស្រេង វ៉ាន់ណូ អ្នកចាត់ការក្លិបកំពង់ចាម សង្កត់ធ្ងន់ថា ការរីកចម្រើនជាងមុននៅក្របខណ្ឌ MCL ដោយសារការរួមចំណែកពីសមាជិកថ្មី ហើយកីឡាករក្នុងក្លិបក៏កាន់តែខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីជួយក្រុមឲ្យកាន់តែរឹងមាំ៕

អត្ថបទ៖ CNCC