គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

កត្តា២យ៉ាងធ្វើឱ្យលោក សុក វាសនា ពេញចិត្តនឹងលទ្ធផលមិនចាញ់មិនឈ្នះជាមួយក្រុមលោក ប្រាក់ សុវណ្ណារ៉ា

ពេលវេលាហ្វឹកហាត់រួមគ្នាខ្លីពេក និងការផ្លាស់ប្ដូរសមាសភាពថ្មីមួយចំនួនក្នុងក្រុម ជាចំណុចសំខាន់ដែលធ្វើឱ្យលោក សុក វាសនា មានសុទិដ្ឋិចំពោះលទ្ធផលស្មើគ្នា១-១ជាមួយក្រុមនគរបាលជាតិរបស់លោក ប្រាក់ សុវណ្ណារ៉ា ក្នុងសប្ដាហ៍ទី១៥នៃ Metfone Cambodian League 2019 កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។


ខ្សែប្រយុទ្ធជនជាតិកូឌីវ័រ Coulibali Abdel Kader ជាអ្នកស៊ុតឱ្យក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបយូណាយធីត នៅដើមវគ្គទី២ដើម្បី លុបចោលគ្រាប់នាំមុខដើមវគ្គទី១របស់ Souza E Silva Matheus នៃក្រុមនគរបាលជាតិ ហើយចែកគ្នា១ពិន្ទុម្នាក់។


លោក សុក វាសនា បានលើកឡើងក្រោយការប្រកួតថា៖ «សម្រាប់លទ្ធផលស្មើគ្នានេះ យើងពេញចិត្តនឹងទទួល ព្រោះថាការហ្វឹកហាត់រវាងកីឡាករថ្មីនិងចាស់មានពេលតិចតួចបំផុត ដែលធ្វើឱ្យយើងពិបាកក្នុងការរៀបចំ ពិសេសកីឡាករបរទេស២នាក់ចុងក្រោយទើបទទួលបានការបញ្ជាក់មុនប្រកួតមួយថ្ងៃ ធ្វើឱ្យយើងពិបាករៀបចំមែនទែន»។ 


«មួយទៀតការយល់ចិត្តគ្នានៅមិនទាន់ល្អ ដូចដឹងហើយថាយើងបានផ្លាស់ប្ដូរកីឡាករច្រើននៅតំបន់ប្រយុទ្ធ ដូច្នេះការលេងមិនសូវស៊ីចង្វាក់គ្នា ព្រោះមិនទាន់យល់ចិត្តគ្នាច្បាស់។ ខ្ញុំនឹងប្រឹងប្រែងធ្វើឱ្យពួកគេយល់ចិត្តគ្នាច្បាស់និងយល់ពីរបៀបលេងប្រសើរជាងនេះនៅប្រកួតក្រោយៗ។ និយាយឱ្យចំទៅ នៅក្នុងប្រកួតនេះ Kader ខ្វះដៃគូលេងសហការជាមួយគ្នា ធ្វើឱ្យគូប្រកួតងាយបិទ Kader»។


អាស៊ីអឺរ៉ុបយូណាយធីត បាននាំចូលសមាជិកថ្មីបរទេស៣រូប គឺកីឡាករកាម៉េរូន Julien William, Ndoumene Yannick Francois និងខ្សែការពារជនជាតិជប៉ុន Tsutomu Hasegawa មកជំនួស Ajayi Opeyemi Korede ដែលបានចេញទៅចូលរួម វិសាខា, Joshua Jokic ដែលបានចាកចេញក្រោមហេតុផលផ្ទាល់ខ្លួន និង Masaki Tomohiro ដែលបានចេញទៅចូលរួម នគរបាលជាតិ។


អតីតគ្រូយុវជនព្រះខ័នរាជស្វាយរៀងបន្ថែមថាតាមរយៈសមត្ថភាពបង្ហាញលើទីលានពេលនេះ កីឡាករថ្មីៗមិនទាន់ល្អដល់កីឡាករមុនទេ តែលោកនឹងព្យាយាមអភិវឌ្ឍពួកគេបន្ថែមទៀតឱ្យកាន់តែប្រសើរឡើងនៅពេលខាងមុខ។


អាស៊ីអឺរ៉ុបយូណាយធីត កំពុងឈរលេខរៀងទី៩ក្នុងលីគ ដោយមាន១៧ពិន្ទុពី១៥ប្រកួត។ ពួកគេបានឈ្នះ៥ដង ស្មើ២ដង និងចាញ់៨ដង។ ប្រកួតបន្ទាប់ ពួកគេនឹងធ្វើដំណើរទៅខេត្តសៀមរាប តទល់នឹង សូលទីឡូអង្គរ៕

អត្ថបទ៖ CNCC