គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

យើងលេងមិនបានល្អដូចសមត្ថភាពដែលយើងមានសោះទល់នឹងអាស៊ីអឺរ៉ុប

"ខ្ញុំមិនគិតថាយើងសមចាញ់ទេ តែយើងលេងមិនបានល្អដូចសមត្ថភាពដែលយើងមានសោះ" នេះជាការលើកឡើងរបស់លោក Charlie Pomroy គ្រូបង្វឹកក្រុមសូលទីឡូអង្គរ ក្រោយរងបរាជ័យក្រោមថ្វីជើង អាស៊ីអឺរ៉ុបយូណាយធីត ០-១ ក្នុងផ្ទះខ្លួនឯង ក្នុងសប្ដាហ៍ទី១៦នៃ Metfone Cambodian League 2019 នៅកីឡដ្ឋានស្វាយធំ ខេត្តសៀមរាប ចុងសប្ដាហ៍មុន។ 


គ្រូបង្វឹកជនជាតិអង់គ្លេសបន្តថាការចាញ់ការប្រកួតដោយរបូតគ្រាប់បាល់ក្នុងរបៀបមួយដែល សូលទីឡូអង្គរ បានជួបក្នុងការប្រកួតនោះជារឿងស៊យមួយ តែក្រុមលោកក៏លេងមិនបានដល់កម្រិតដែលពួកគេមានផងដែរ។ លោកថាបើក្រុមលេងបានល្អដល់កម្រិតដែលធ្លាប់មាន នោះក្រុមនឹងឈ្នះ។ 


លោក Pomroy សង្កត់ធ្ងន់ថា៖ មានកត្តាច្រើនដែលបណ្ដាលឱ្យយើងលេងមិនបានល្អដល់កម្រិត ដូចជាយើងបានធ្វើដំណើរវែងឆ្ងាយ ពីសៀមរាបទៅស្វាយរៀងប្រកួតលីគ រួចមកប្រកួតពានសម្ដេចហ៊ុនសែនទល់រតនគិរីពាក់កណ្ដាលសប្ដាហ៍។ ទោះយ៉ាងណា គ្រប់ការប្រកួតសុទ្ធតែជាមេរៀន យើងមានក្រុមវ័យក្មេង ហើយកីឡាករមួយចំនួនក៏នៅខ្វះបទពិសោធដែរ។ 


គ្រូបង្វឹកដដែលគិតថាគ្រាប់បាល់របស់ Coulibaly Abdel Kader មិនគួរកើតឡើហឡើយ។ បែបណាក្ដី លោកមានសុទិដ្ឋិនិយមថាក្រុមនឹងលេងបានត្រឹមត្រូវវិញនៅប្រកួតបន្ទាប់។ លោកថាលោកនឹងលើកស្មារតីកីឡាករឡើងវិញ ដ្បិតពួកគេធ្វើបានល្អទល់នឹង វិសាខា ហើយកាលប៉ះព្រះខ័នរាជស្វាយរៀង ក៏ក្រុមលោកលេងបានល្អប្រសើររយៈពេល៤៥នាទីដែរ តែចាញ់នៅ៣០នាទីចុងក្រោយ។ លោកនឹងរំឭកកីឡាករអំពីគោលការណ៍ក្លិបនិងអ្វីដែលពួកគេត្រូវធ្វើ៕

អត្ថបទ៖ CNCC