គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ម៉ាត់ នូរុណ ៖ ខ្ញុំធូរស្បើយ ៥០-៦០ភាគរយហើយ

ខ្សែប្រយុទ្ធវ័យក្មេង ម៉ាត់ នូរុណ បង្ហើបថា របួសជង្គង់របស់គេគិតមកទល់ពេលនេះបានធូរស្បើយប្រមាណ៥០ទៅ៦០ភាគរយហើយ និងអាចចូលហ្វឹកហាត់ដូចគេឯងវិញក្នុងរយៈពេល២ខែទៀត។ អតីតសមាជិកថ្នាលយុវជនភ្នំពេញក្រោន និងអគ្គិសនីកម្ពុជា ប្រាប់ថា បច្ចុប្បន្នគេអាចហាត់ត្រឹមលក្ខណៈស្រាលដូចជារត់តិចៗ និងហាត់កាយសម្បទាខ្លះៗប៉ុណ្ណោះ។ 


នូរុណ រៀបរាប់ ៖”ធូរស្បើយ៥០ទៅ៦០ភាគរយហើយបង។ និយាយទៅពីរខែអីទៀតចូលហាត់វិញបានហើយ។ ឥឡូវអត់ទាន់អាចហាត់អីខ្លាំងៗដូចគេទេ មានតែហាត់ស្រាលៗ លក្ខណៈរត់តិចៗ និងហាត់កាយសម្បទា(gym) អីបានខ្លះៗ”។


គួរដឹងដែរថា ម៉ាត់ នូរុណ មិនទាន់បង្ហាញខ្លួនជាផ្លូវការណាមួយឡើយ ព្រោះបានរងរបួសជង្គង់តាំងពីមុនផ្លាស់ទៅចូលរួមជាមួយបឹងកេតដើមរដូវកាល២០១៩ម្ល៉េះ ហើយថែមទាំងខកខានឱកាសជាប់ជម្រើសជាតិទាំងកម្រិតយុវជន និងក្រុមធំទៀតផង។ កីឡាករ២១ឆ្នាំ ក៏បានបង្ហើបក្ដីបារម្ភចំពោះវត្តមានចូលរួមព្រឹត្តិការណ៍ SEA Games 2019 ចុងឆ្នាំនេះជាមួយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ នៅប្រទេសហ្វីលីពីន ផងដែរ៕

អត្ថបទ៖ CNCC