គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អ្នកថតរូបកីឡាជើងចាស់ កឹម សុវណ្ណា យល់ថា ការប្រកួតប្រជែងរូបថតជួយខ្លាំងដល់ការផ្សព្វផ្សាយ

លោក កឹម សុវណ្ណា អ្នកថតរូបកីឡាជើងចាស់មួយរូបនៅកម្ពុជា យល់ឃើញថា ការប្រកួតអ្នកថតរូបសារព័ត៌មានល្អជាងគេរៀបចំឡើងដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) គឺជាកម្មវិធីដ៏ល្អដែលអាចជួយលើកទឹកចិត្តអ្នកប្រកបអាជីពមួយនេះ និងជាផ្នែកផ្សព្វនៃក្របខណ្ឌជាតិទាំងពីរ។


អ្នកជំនាញឯករាជ្យខាងលើបន្ថែមថា កម្មវិធីនេះក៏នឹងធ្វើឲ្យមានរូបភាពពីការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្របខណ្ឌ Metfone Cambodian League កាន់តែពិសេសឡើងៗ ព្រោះបេក្ខជនទាំងអស់ត្រូវព្យាយាមរកសមិទ្ធផលល្អឯកទៅប្រកួតប្រជែង។


លោក កឹម សុវណ្ណា រៀបរាប់ ៖”តាមធម្មតាយើងធ្វើចឹងវាល្អហើយរៀងរាល់ឆ្នាំដែលយើងមានពានរង្វាន់ឲ្យអ្នកថតរូបក្នុងលីគ ព្រោះវាអាចជំរុញឲ្យពួកគាត់ជួយផ្សព្វផ្សាយបាល់ទាត់យើងឲ្យរីកចម្រើនទៅមុខទៀត ជាពិសេសលើរូបថតកីឡាករ វាល្អជាងមុន ព្រោះពីមុនអត់សូវមានទេ តែឥឡូវមានវិបសាយអីច្រើន ហើយវាក៏អាចធ្វើឲ្យមានរូបកាន់តែល្អៗច្រើនដែរ”។


គួរដឹងដែរថា ឆ្នាំ២០១៩នេះជាលើកទី៣ដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបង្កើតឲ្យមានការប្រកួតប្រជែងអ្នកថតរូបសារព័ត៌មានល្អក្នុងកម្មវិធី Cambodia Football Award ប្រចាំឆ្នាំ។ សម្រាប់ការប្រកួតពីរលើកកន្លងមកបានទៅលើ សឿន សាយ័ន្តសន្យា ទាំងពីរដង។ 


សម្រាប់ឆ្នាំ២០១៩នេះ កាលបរិច្ឆេទនៃការចូលរួមប្រកួត ចាប់ផ្ដើមពី ថ្ងៃពុធ ទី១០ ខែកក្កដា រហូតដល់ ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ហើយសម្រាប់តែរូបថតក្នុងពានរង្វាន់ក្របខណ្ឌ Metfone Cambodian League និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៩នេះប៉ុណ្ណោះ៕


អត្ថបទ៖ CNCC
ប្រភពរូប៖ ផ្តល់អោយ