គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គិរីវង់រៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ, ប្រកាសឡូហ្គោ និងឯកសណ្ឋានថ្មី

ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសពីគម្រោងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ, ប្រកាសឡូហ្គោ និងឯកសណ្ឋានថ្មី ដែលធ្វើឡើងនៅកីឡដ្ឋានផ្ទាល់តែម្ដង នៅក្រុងដូនកែវ ខេត្តតាកែវ ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា វេលាម៉ោង៤ល្ងាច។


ក្នុងពិធីដ៏ពិសេសនេះ នឹងមានការប្រកួតប្រជែងរូបថត, លេងល្បែងកម្សាន្ដដើម្បីឈ្នះរង្វាន់, ការជួបជាមួយកីឡាករនិមិត្តរូប (idol), ថតរូបអនុស្សាវរីយ៍ និងជួបជុំអ្នកគាំទ្រទាំងអស់គ្នា។

 

ក្លិបគិរីវង់សុខសែនជ័យក៏បានអំពាវនាវដល់អ្នកគាំទ្រចូលរួមកម្មវិធីជួបជុំនេះឲ្យច្រើនកុះករនៅកីឡដ្ឋានដែលអាចផ្ទុកទស្សនិកជនបានប្រមាណជាង១០០០នាក់។


លោក ឌុក វាសនា ដែលជាអ្នកចាត់ការក្លិបធ្លាប់ប្រាប់ CNCC ថា សន្ទុះអ្នកទស្សនាក្លិបកាន់តែច្រើនឡើងៗពេលធ្វើម្ចាស់ផ្ទះម្ដងៗ។ លោកថា ក្លិបក៏កំពុងតែរិះរកវិធីផ្សេងៗដើម្បីស្រូបទាញអ្នកគាំទ្រឲ្យកាន់តែផុសផុល។


គួរដឹងដែរថា គិរីវង់សុខសែនជ័យ បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ឯកឧត្តម សុខ ពុទ្ធិវុធ ជាប្រធាន និងឯកឧត្តម សុខ សប្បាយណា ជាអនុប្រធាន៕

អត្ថបទ៖ CNCC