គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

CNCC កែប្រែកាលបរិច្ឆេទ MCL ចាប់ពីសប្ដាហ៍ទី២២តទៅ

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសពីការកែប្រែកាលវិភាគប្រកួតក្របខណ្ឌ Metfone Cambodian League 2019 ចាប់ពីសប្ដាហ៍ទី២២ដល់សប្ដាហ៍ទី២៦ ដែលចាប់ផ្ដើមពីថ្ងៃ១៤ ខែកញ្ញា ហើយបញ្ចប់លីគនៅថ្ងៃទី០៣ ខែវិច្ឆិកា វិញ។


ការសម្រេចផ្លាស់ប្ដូរនេះដោយសារតែមានការស្នើពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលត្រូវមានភារកិច្ចជម្រុះ FIFA World Cup 2022 ជុំទីពីរ ប្រចាំតំបន់អាស៊ី។ 


ជាក់ស្ដែង ក្រុមរហស្សនាមគោព្រៃខៀវ ត្រូវចាប់ផ្ដើមវគ្គជម្រុះនៅថ្ងៃទី០៥ ខែកញ្ញា ជាមួយក្រុមជម្រើសហុងកុង នៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ មុនប៉ះជម្រើសជាតិបារ៉ែន ក្នុងទឹកដីដដែល ថ្ងៃទី១០ ខែកញ្ញា។ ចំណែកនៅខែតុលា ក៏មានពីរជំនួបទៀតដែរ គឺទៅលេងផ្ទះអ៊ីរ៉ង់ ថ្ងៃទី១០ តុលា និងទទួលភ្ញៀវអ៊ីរ៉ាក់ ថ្ងៃទី១៥ 
តុលា។ ប្រកួតចុងក្រោយសម្រាប់ជើងទីមួយ គឺប៉ះម្ចាស់ផ្ទះហុងកុង នៅថ្ងទី១៩ ខែវិច្ឆិកា។ 


គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទម្លាក់ជម្រើសជាតិប៉ាគីស្ថាននៅវគ្គជម្រុះ FIFA World Cup 2022 ជុំទីមួយ៕

អត្ថបទ៖ CNCC