គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Conor Nestor ៖ ខ្ញុំទទួលបានកុងត្រាថ្មីដោយសារការប្រឹងប្រែងរបស់កូនក្រុម

លោក Conor Nestor លើកឡើងថា ការខិតខំព្យាយាមរបស់កូនក្រុមទាំងអស់ បានរួមចំណែកឲ្យលោកទទួលបានកិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំទៀតក្នុងនាមជាគ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង។


គ្រូបង្វឹកមកពីសាធារណរដ្ឋអៀរឡង់សង្កត់ធ្ងន់ថា សប្បាយរីករាយចំពោះការបន្តរួមរស់នៅក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៤សម័យ និងចង់តបស្នងដោយប្រឹងប្រែងដណ្ដើមជោគជ័យឲ្យក្លិប។


លោក Conor រៀបរាប់ ៖”គ្រូបង្វឹកប្រាកដជាគ្មានន័យទេ បើពុំមានកីឡាករល្អ និងការប្រឹងប្រែងរបស់ពួកគេទេ។ ខ្ញុំទទួលបានកិច្ចសន្យាដោយសារតែពួកគេផងដែរ តែអ្វីសំខាន់នោះ គឺខ្ញុំទទួលយកការបន្លាយកិច្ចសន្យានេះ ព្រោះការងាររបស់យើងមិនទាន់ចប់នៅឡើយ។ យើងមានអារម្មណ៍ថា យើងកំពុងកសាងអ្វីដ៏ពិសេសមួយជាមួយគ្នា។ ខ្ញុំចង់បានបទពិសោធនៃការប្រកួតប្រជែងជាមួយពួកគេ”។


គ្រូបង្វឹកកាន់ UEFA A-License បានចូលកាន់តំណែងនៅព្រះខ័នរាជស្វាយរៀងនៅរដូវកាល២០១៨។  នៅឆ្នាំ២០១៩ គិតត្រឹមថ្ងៃសៅរ៍ ទី២៧ ខែកក្កដា នេះ ព្រះខ័នរាជស្វាយរៀងកំពុងគ្រងកំពូលតារាង ជាមួយកំណត់ត្រាមិនទាន់ចាញ់៕

អត្ថបទ៖ CNCC