គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ក្រុមវ័យចាស់វិសាខា និងបឹងកេត ណាត់គ្នាប្រកួតរឹតចំណងមិត្តភាព

ក្រុមបាល់ទាត់វ័យចាស់ចំនួនពីរ គឺវិសាខា និងបឹងកេត នឹងជួបប្រកួតសាកល្បងសមត្ថភាពនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា នាកីឡដ្ឋានខេមរភូមិន្ទ (ស្តាតចាស់) វេលាម៉ោង៦ល្ងាច។


លោក ហុក សុចិត្រា តំណាងក្រុមវ័យវិសាខាឲ្យ CNCC ដឹងថា ជំនួបមិត្តភាពនេះធ្វើឡើងដើម្បីបង្ហាញពីការរាប់អាននិងសហការគ្នារវាងក្រុមទាំងពីរដែលមានក្លិបលេងនៅក្របខណ្ឌ Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។


អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាលម្អិត ៖”ការប្រកួតហ្នឹងយើងចង់បង្ហាញពីការរាប់អានគ្នារវាងក្រុមបាល់ទាត់អាជីពនៅស្រុកខ្មែរ និងចង់ឲ្យក្រុមការងារលេងកីឡា,រាប់អានគ្នា និងមិត្តភាពទៅវិញទៅមក។ ទោះបីយើងដឹកនាំក្រុមខុសគ្នា ក៏យើងនៅតែមានការសហការគ្នា និងស្និទ្ធស្នាលគ្នា ក្នុងនាមក្រុមដែលចូលរួមអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា”។


ជាមួយគ្នានេះ លោក បែ មករា តំណាងក្រុមវ័យចាស់បឹងកេតរៀបរាប់ពីចំណាប់អារម្មណ៍ផងដែរ” ៖”ការប្រកួតនេះដើម្បីលើកចំណងសាមគ្គីភាពរវាងក្លិប និងក្លិប និងមានពេលលេងកីឡាដើម្បីសុខភាពក្នុងចំណោមអ្នកលេងវ័យចាស់ដូចគ្នា ក៏ដូចជារំឭកពីអនុស្សាវរីយ៍ជាមួយអតីតកីឡាករដែលធ្លាប់លេងជាមួយគ្នា”។


គួរដឹងដែរថា ក្រុមបាល់ទាត់វ័យចាស់វិសាខា និងបឹងកេត ដែលប្រមូលផ្ដុំដោយក្រុមការងារក្លិប, អតីតកីឡាករ និងអ្នកគាំទ្រ ត្រូវបានបង្កើតឡើងដើម្បីប្រកួតជាលក្ខណៈមិត្តភាព សុខភាពជាមួយក្រុមផ្សេងៗទៀត៕

អត្ថបទ៖ CNCC