គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ក្លិបបាល់ទាត់ខេត្តកំពង់ចាមចាប់ផ្ដើមទទួលបានជំនួយបន្ថែមទៀតពីសប្បុរសជននានា

លោក ស្រេង វ៉ាន់ណូ អគ្គលេខាធិការក្លិបបាល់ទាត់ខេត្តកំពង់ចាមឲ្យដឹងថា ក្លិបរបស់លោកចាប់ផ្ដើមទទួលបានជំនួយពីសប្បុរសជននានាបន្ថែមទៀតបណ្ដើរៗហើយ ក្រោយមានការប្រកាសជួយជ្រោមជ្រែងពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ 


ថ្នាក់ដឹកនាំក្រុមនៅក្របខណ្ឌ Metfone Cambodian League 2019 សង្កត់ធ្ងន់ថា ក្លិបបានកៀងគរថវិកាមួយចំនួនពីប្រធានមន្ទីរនានា, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ដើម្បីទ្រទ្រង់ដល់ដំណើរការក្លិប។


លោក ស្រេង វ៉ាន់ណូ ឲ្យដឹងកាលថ្ងៃអង្គារ ទី៣០ កក្កដា បែបនេះ ៖”ថ្ងៃនេះយើងបានជំនួយពីប្រធានមន្ទីរអប់រំខេត្ត, មន្ទីរធម្មការ និងសាសនា, ប្រធានបរិស្ថានខេត្ត, ប្រធានផែនការខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងប្រធានមន្ទីរមួយចំនួនទៀត។ ក្នុងនោះឯកឧត្តមអភិបាលខេត្តនឹងរកមើលទីលានដើម្បីឲ្យក្លិបបានហ្វឹកហាត់”។ 


លោក ស្រេង វ៉ាន់ណូ បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ក្លិបបាល់ទាត់ខេត្តកំពង់ចាម និងជាពិសេសការជួយជ្រោមជ្រែងយ៉ាងដុតដៃដុតជើងពីសំណាក់ឯកឧត្តមអភិបាល អ៊ុន ចាន់ដា។ លោកថា ឯកឧត្តមនឹងបន្តប្រឹងប្រែងស្វែងរកជំនួយពីបណ្ដាក្រុមហ៊ុនឯកជននានាបន្ថែមទៀតដើម្បីជួយដល់ក្លិបខេត្តកំពង់ចាម៕

អត្ថបទ៖ CNCC