គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

កែវ ឧត្តម បង្ហើបចំណុចកើនឡើង និងខ្វះខាតក្រោយចូលរួមជាមួយណាហ្គា

កត្តាកាយសម្បទានៅតែជាចំណុចសំខាន់ដែលខ្សែប្រយុទ្ធវ័យក្មេង កែវ ឧត្តម ចាត់ទុកជាបញ្ហាប្រឈម តែថា រូបគេបានព្យាយាមអស់ពីសមត្ថភាពដើម្បីពង្រឹងកង្វះខាតនេះឲ្យកាន់តែល្អប្រសើរថែមទៀត ក្រោយចូលរួមជាមួយណាហ្គាវើលដ៍បានមួយជុំកន្លងមក។


កូនប្រុសអតីតគ្រូបង្គោលស៊ីម៉ាក់យូណាយធីត លោក កែវ សារិន ពន្យល់ ៖”ក្រោយលេងបានមួយជុំមកនេះ ខ្ញុំទទួលបានបទពិសោធច្រើន ហើយចំណុចខ្វះខាតរបស់ខ្ញុំនៅត្រង់កាយសម្បទា គឺនៅរាងតូច។ រាល់ថ្ងៃខ្ញុំកំពុងតែព្យាយាមហាត់ឲ្យមាឌបានធំងាយស្រួលពាំងជាមួយគូប្រកួត។ នេះជាចំណុចខ្ញុំត្រូវបន្ថែម”។ 


ពាក់ទៅនឹងចំណុចរីកចម្រើនវិញត្រូវបានកីឡាករវ័យ១៧ឆ្នាំសង្កត់ធ្ងន់ថា ទទួលបានច្រើនជាពិសេសប៉ះជាមួយក្រុមធំៗ។ អតីតខ្សែប្រយុទ្ធស៊ីម៉ាក់ និងវេស្ទើនបន្ថែម ៖”ពេលលេងជាមួយក្លិបធំៗក្នុងលីគចឹង យើងក៏កើនសមត្ថភាពច្រើន ព្រោះយើងប្រឹងខ្លាំង អ៊ីចឹងសមត្ថភាពក៏ឡើងតាមហ្នឹង។ ភាពរហ័សរហួន, ការគិតលឿន និងការឆែកមើលគូប្រកួតបានលឿន ទាំងនេះជាការកើនសមត្ថភាពរបស់ខ្ញុំ”។

 

គួរដឹងដែរថា កែវ ឧត្តម ក៏មានឈ្មោះក្នុងបញ្ជីបឋមហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជាផងដែរ៕

អត្ថបទ៖ CNCC