គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Taku រំពឹងជួយគិរីវង់ទទួលបានចំណាត់ថ្នាក់កាន់តែប្រសើរ

ខ្សែការពារ Taku Yanagidate បានបង្ហាញការតាំងចិត្តខ្ពស់បន្ទាប់ពីចូលរួមជាមួយគិរីវង់សុខសែនជ័យដែលជាទ្រនំថ្មីនៅក្របខណ្ឌ Metfone Cambodian League ជុំទីពីរ ដោយរំពឹងអាចជួយក្រុមមួយនេះទទួលបានចំណាត់ថ្នាក់កាន់តែប្រសើរថែមទៀត។


កីឡាករដែលផ្ទេរពីក្រសួងការពារជាតិសារភាពថា ការលេងជាមួយមិត្តរួមក្រុមថ្មី ពេលខ្លះហាក់មិនទាន់យល់ចិត្តគ្នាពេញលេញ តែយ៉ាងណា គេថា ត្រូវការពេលវេលាបន្ថែមដើម្បីសម្របខ្លួនឲ្យកាន់តែរលូនជាងមុន។ តែយ៉ាងណា គេថា សប្បាយចិត្តដែលបានចូលរួមក្លិបថ្មីនេះ។ 


Taku រៀបរាប់ ៖”ខ្ញុំពិតជាមានកិត្តិយសដែលបានចូលរួមជាមួយក្រុមថ្មីនេះ។ ខ្ញុំនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីជួយក្រុមឲ្យទទួលបានចំណាត់ថ្នាក់ល្អមួយ។ សម្រាប់ការលេងវិញ ពេលខ្លះក៏ហាក់មិនទាន់យល់ចិត្តគ្នា ព្រោះវាត្រូវការពេលវេលាបន្ថែមទៀតដើម្បីឲ្យរលូន។ 
ចំពោះបរិយាកាសក្នុងក្រុមពិតជាល្អមែនទែន ហើយក្រុមថ្នាក់ដឹកនាំក្រុមក៏មានភាពរួសរាយរាក់ទាក់ទៀត”។


គួរដឹងដែរថា នៅក្របខណ្ឌកំពូលកម្ពុជា កីឡាករជប៉ុនរូបនេះធ្លាប់លេងនៅការពារជាតិពីរលើក, វេស្ទើនភ្នំពេញ និងនគរបាលជាតិ។ 
ដោយឡែក គិរីវង់សុខសែនជ័យ ស្ថិតនៅលេខ១០ពីកាប្រកួត១៧លើក ដោយមាន១៨ពិន្ទុ។ ថ្ងៃអាទិត្យ ទី០៤ ខែសីហា ក្រុមមានមូលដ្ឋាននៅខេត្តតាកែវ ត្រូវជួបជាមួយណាហ្គាវើលដ៍ នៅកីឡដ្ឋានខេមរភូមិន្ទ៕

អត្ថបទ៖ CNCC