គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ស៊ុន សុវណ្ណរិទ្ធី បង្ហើបគម្រោងក្រោយចប់វគ្គគ្រូបង្វឹកម្រិត C

ការវិវឌ្ឍខ្លួនជាគ្រូបង្វឹកមួយរូប គឺជាបំណងប្រាថ្នាមួយរបស់ខ្សែការពារជើងចាស់ ស៊ុន សុវណ្ណរិទ្ធី បន្ទាប់ពីបានបញ្ចប់វគ្គគ្រូបង្ហាត់កម្រិត C នាពេលថ្មីៗនេះ នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ 


តែយ៉ាងណា សមាជិកបឹងកេតបញ្ជាក់ថា មានគម្រោងបន្តអាជីពជាអ្នកលេងមួយរយៈទៀត បើកម្លាំងនៅមាន ហើយថា បើប្រសិនបើក្លិបអនុញ្ញាតឲ្យឆ្លៀតបង្ហាត់ផងនោះ រូបគេរីករាយនឹងទទួលយកដើម្បីសម្រួចបទពិសោធបន្ថែម។


អតីតកីឡាករជម្រើសជាតិកម្ពុជារៀបរាប់ ៖”យើងបានទៅរៀនអ៊ីចឹងទៅយើងបានបទពិសោធច្រើនដែរ ហើយក្នុងចិត្តខ្ញុំក៏ចង់ធ្វើដែរ តែណាមួយយើងនៅលេងបានក៏លេងទៀតទៅ ហើយបើក្លិបចង់ឲ្យធ្វើគ្រូ ខ្ញុំក៏រីករាយទទួលយកដែរ។ បើសិនយើងអាចលេងទៀត ក៏លេងទៀតដែរ តែបើលេងលែងកើត ហើយក្លិបឲ្យធ្វើគ្រូជំនួយអី ខ្ញុំនឹងទទួលយក គឺស្រេចតែលើក្លិបទេ”។ 


កីឡាករវ័យ៣០ឆ្នាំប្លាយប្រាប់ថា គេទទួលបានបទពិសោធច្រើនពាក់ព័ន្ធនឹងការរៀបចំ និងដឹកនាំក្រុម ហើយសប្បាយចិត្តយ៉ាងខ្លាំងចំពោះការចូលរួមវគ្គសិក្សាគ្រូបង្វឹកនេះ។ គេក៏មានគម្រោងរៀនកម្រិតកាន់តែខ្ពស់ជាងនេះដែរនាពេលខាងមុខ។


មុនឈានជើងមកបឹងកេតនៅរដូវកាល២០១៧ ស៊ុន សុវណ្ណរិទ្ធី ធ្លាប់ប្រកបអាជីពនៅក្លិបភ្នំពេញក្រោន និង ណាហ្គាវើលដ៍ ព្រមទាំងក្រុមជម្រើសជាតិកម្ពុជា ប្រមាណជាង១០ឆ្នាំផងដែរ៕

អត្ថបទ៖ CNCC