គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Tunji ៖ យើងនៅមានសង្ឃឹមខ្លះដែរក្នុងការប្រជែងកំពូលតារាង

ខណៈការប្រកួតនៅសល់ច្រើនសប្ដាហ៍ទៀត លោក Tunji Ayoyinka គ្រូបង្គោលបណ្ដោះអាសន្នក្លិបវិសាខាជឿជាក់ថា នៅមានលទ្ធភាពប្រជែងកំពូលតារាង Metfone Cambodian League ជាមួយក្រុមលេខមួយព្រះខ័នរាជស្វាយរៀង។




បុរសជនជាតិនីហ្សេរីយ៉ាមើលឃើញថា ពេលវេលាហាក់នៅវែងឆ្ងាយទៀត ហើយព្រះខ័នរាជស្វាយរៀងត្រូវប្រឈមនឹងក្រុមខ្លាំងៗមួយចំនួនផង ដូច្នេះសមាជិកគ្រប់រូបត្រូវតែបន្តប្រឹងប្រែងឲ្យជាប់លាប់ដើម្បីឆ្លងកាត់ឧបសគ្គនានា។



លោក Tunji Ayoyinka ពន្យល់ ៖” ជាការពិតយើងនៅតែមានឱកាសក្នុងការដណ្តើមតំណែងកំពូលតារាង ព្រោះបច្ចុប្បន្ននេះ ខ្ញុំហាក់ដូចជាមិនឃើញពីបញ្ហាអ្វីដែលរំខានដល់ការខិតខំប្រឹងប្រែងរបស់ក្រុមយើងនោះទេ ដូច្នេះយើងខិតខំឲ្យកាន់តែខ្លាំង ដើម្បីបន្តប្រជែងបន្ថែមទៀតរហូតដល់បញ្ចប់រដូវកាល។ យើងជឿជាក់ថា ពួកយើងនឹងអាចធ្វើបាន គ្មានបញ្ហាអ្វីដែលរារាំងពួកយើងនោះទេ យើងសង្ឃឹមថាយើងនឹងអាចដណ្តើមតំណែងកំពូលតារាងបាន”។



គ្រូបង្វឹកកាន់ B License បានបង្ហាញការពេញចិត្តចំពោះកូនក្រុមដែលកាន់តែលេងបានរលូននៅគ្រប់តំបន់ទាំងកីឡាករថ្មី និងចាស់ ហើយកាន់តែមានទំនុកចិត្ត និង ឆន្ទៈខ្ពស់ក្នុងការប្រជែងជើងឯក MCL។



វិសាខាបានឡើងទៅកាន់ចំណាត់ថ្នាក់លេខ៣ពីការប្រកួត១៨លើក ក្រោយឈ្នះអង្គរថាយហ្គឺរ២ទល់នឹង១ មាន៤០ពិន្ទុ ស្មើនឹងក្រុមលេខ២ណាហ្គាវើលដ៍ និងស្ថិតនៅពីក្រោយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងចំនួន៨ពិន្ទុ៕

អត្ថបទ៖ CNCC