គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Ajayi Opeyemi Korede ប្រាប់ពីហេតុផលសាមញ្ញាដែលគេរកគ្រាប់បាល់បានច្រើនសម្រាប់វិសាខា

ខ្សែប្រយុទ្ធជនជាតិនីហ្សេរីយ៉ា Ajayi Opeyemi Korede បានផ្ទេរពីអាស៊ីអឺរ៉ុបយូណាយធីតមកចូលរួមវិសាខាក្នុងជុំទី២នៃក្របខ័ណ្ឌ Metfone Cambodian League 2019។



ក្រោយមកដល់ វិសាខា ប្អូនបង្កើតរបស់ Ajayi Gbenga Samuel នៃក្លិបបឹងកេតរូបនេះ បានបញ្ចេញថ្វីជើងរឹតតែអស្ចារ្យជាងកាលគេនៅអាស៊ីអឺរ៉ុបទៅទៀត ដោយ៤ប្រកួតចុងក្រោយគេរកបានដល់ទៅ៩គ្រាប់សម្រាប់ក្រុមលោក AKEEB TUNJI AYOYINKA។



Opeyemi បានផ្ដើមបើកគណនីគ្រាប់បាល់នៅវិសាខាដោយទាត់ចូលគិរីវង់សុខសែនជ័យ២គ្រាប់ រួចជាបន្តបន្ទាប់ បានស៊ុតចូលភ្នំពេញក្រោន២គ្រាប់, ស៊ុតចូលអគ្គិសនីកម្ពុជា៣គ្រាប់ និងចុងក្រោយស៊ុតចូលអង្គរថាយហ្គឺរ២គ្រាប់។ គ្រាប់ទាំងអស់នេះសុទ្ធតែជាគ្រាប់សំខាន់ៗដែលនាំជ័យជម្នះដល់វិសាខា។



ជុំវិញភាពឆ្វាក់ប៊ុតសម្រាប់វិសាខាដូច្នេះ Opeyemi បង្ហើបមូលហេតុសាមញ្ញនៅពីក្រោយ៖ «បាទ មូលហេតុគ្មានអ្វីច្រើនទេ គឺគ្រាន់តែខ្ញុំប្រឹងអស់ពីសមត្ថភាព, ខំហ្វឹកហាត់ឱ្យខ្លាំង និងលើកទឹកចិត្តខ្លួនឯង។ ម្យ៉ាងទៀតប្រហែលនៅទីនេះ(វិសាខា)ខ្ញុំមានឱកាសច្រើនជាងនៅក្លិបចាស់ (ដូច្នេះក៏រកគ្រាប់បាល់បានច្រើន)»។



Opeyemi បន្តថាគេរំភើបចិត្តនិងរីករាយខ្លាំងដែលបានលេងឱ្យក្លិបធំបំផុតមួយក្នុងព្រះរាជាណាចក្រកម្ពុជាដូចជា វិសាខា នេះ។ វាជាសុបិនក្លាយជាការពិតសម្រាប់គេ ដ្បិតគេតែងតែសង្ឃឹមក្នុងចិត្តថារឿបបែបនេះនឹងកើតមានឡើង។ គេនឹងបន្តការប្រឹងប្រែងសម្រាប់វិសាខា។



សូមរំឭកថា មុនមកប្រកបអាជីពនៅកម្ពុជា Opeyemi បានលេងក្នុងប្រទេសថៃ៥ទៅ៦ឆ្នាំ ជាមួយក្លិបដូចជា Bangkok Glass, Rangsit United, Samut Prakan, Thonburi និង Khonkaen FC ជាដើម៕


អត្ថបទ៖ CNCC