គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូអាស៊ីអឺរ៉ុបស្ដាយក៏ស្ដាយតែក៏រីករាយដែលមានកីឡាករចេញទៅក្លិបធំៗសឹងរាល់ឆ្នាំ

សឹងរៀងរាល់ឆ្នាំ ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីតមានកីឡាករចេញទៅចូលរួមក្លិបធំៗក្នុងក្របខ័ណ្ឌ Metfone Cambodian League ពិសេសកីឡាករបរទេស។ 


ជាក់ស្ដែងក្នុងរដូវកាល២០១៩នេះ ខ្សែប្រយុទ្ធជនជាតិកាម៉េរូន Befolo Mbarga Privat ផ្លាស់ទៅព្រះខ័នរាជស្វាយរៀងតាំងពីដើមរដូវកាល និងកំពុងជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ក្រុមនេះ ស្របពេល Ajayi Opeyemi Korede ផ្លាស់ទៅវិសាខាក្នុងជុំទី២ ហើយរកបាន៩គ្រាប់ក្នុង៤ប្រកួតចុងក្រោយ។ 


ជុំវិញការចាកចេញពីសំណាក់កីឡាករល្អៗដូច្នេះ គ្រូបង្វឹកអាស៊ីអឺរ៉ុបយូណាយធីត លោក សុក វាសនា មានអារម្មណ៍ស្ដាយដោយចៀសមិនរួច តែទន្ទឹមនឹងនេះលោកក៏មានអារម្មណ៍រីករាយមួយផងដែរ។


លោក វាសនា ពន្យល់ថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំសប្បាយចិត្តដែលមានក្លិបធំៗចាប់អារម្មណ៍កីឡាករយើងច្រើនរៀងរាល់ឆ្នាំ ហើយកីឡាករល្អៗតែងតែចាកចេញអស់ច្រើន។ យើងសោកស្ដាយដែរ តែនៅក្នុងកុងត្រាយើងបានដាក់លក្ខខណ្ឌជាមួយគ្នាជាមុនរួចហើយ ព្រោះនៅក្លិបយើងមានប្រាក់ខែតិច ដូច្នេះយើងបើកផ្លូវដល់កីឡាករឱ្យគាត់ចេញនៅពេលមានឱកាសល្អសម្រាប់គាត់មកដល់។ យើងចង់ធ្វើដូចក្លិបធំៗដែរ គឺយើងចង់ទុកកីឡាករល្អៗនៅបន្ត តែយើងមិនមានថវិកាច្រើន»។ 


អតីតគ្រូយុវជនព្រះខ័នរាជស្វាយរៀងដដែល បន្តថា៖ «នៅឆ្នាំក្រោយៗយើងនឹងព្យាយាមតាមលទ្ធភាពដើម្បីរក្សាកីឡាករល្អៗឱ្យនៅបានយូរ តែអាស្រ័យលើលទ្ធភាពរបស់លោកនាយក (ឯកឧត្ដម ឌួង លាង សាកលវិទ្យាធិការសាកលវិទ្យាល័យអាស៊ីអឺរ៉ុប) ដែរ។ បើយើងមានក្រុមហ៊ុនឧបត្ថម្ភច្រើនដូចក្លិបដទៃ យើងនឹងអាចរក្សាទុកកីឡាករល្អៗបាន តែបច្ចុប្បន្នយើងមិនទាន់មានអីច្រើនទេ»៕

អត្ថបទ៖ CNCC