គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

វិសាខានឹងគ្មានកីឡាករ៣រូបនៅ MCL សប្ដាហ៍នេះព្រោះជាប់ពិន័យ

ឆេង ម៉េង, សារី ម៉ាត់ណូរ៉ូទីន និង Eliel Da Cruz របស់វិសាខា ត្រូវអវត្តមានក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League សប្ដាហ៍ទី១៩នេះ ដោយសារជាប់ពិន័យរៀងៗខ្លួន។


ជាក់ស្ដែង ឆេង ម៉េង ទទួលបានកាតលឿងចំនួន៣ ដោយលើកទីមួយពេលប៉ះគិរីវង់សុខសែនជ័យ ថ្ងៃ៣០ មីនា, លើកទី២ ប៉ះសូលទីឡូអង្គរ ថ្ងៃ០៧ ខែកក្កដា និងអង្គរថាយហ្គឺរ ថ្ងៃទី០៣ សីហា។


ចំណេក ម៉ាត់ណូរ៉ូទីន បានកាតលឿង៣ដូចគ្នា គឺពេលជួបអគ្គិសនីកម្ពុជា នៅថ្ងៃទី២០ មេសា, ជួបគិរីវង់សុខសែនជ័យ ១៣ កក្កដា និងចុងក្រោយពេលជួបអង្គរថាយហ្គឺរ ថ្ងៃទី០៣ សីហា។


សម្រាប់កីឡាករវិសាខាម្នាក់ទៀត គឺ Da Cruz បានកាតក្រហមពេលប៉ះអង្គរថាយហ្គឺរ កាលថ្ងៃទី០៣ សីហា។ អ្នកទាំង៣ត្រូវអវត្តមានពេលប៉ះកំពង់ចាម នៅថ្ងៃសៅរ៍ ទី១០ សីហា។ ជាមួយគ្នានេះ ឡុង បូរាណ របស់អាស៊ីអឺរ៉ុបយូណាយធីត មិនអាចលេងបានឡើយពេលជួបអគ្គិសនីកម្ពុជា នៅថ្ងៃអាទិត្យ ទី១១ សីហា ព្រោះកាតលឿង៣សន្លឹក។


នៅអង្គរថាយហ្គឺរក៏មានកីឡាករបានកាតលឿង៣សន្លឹកម្នាក់ដែរ គឺ តាំង សុភ័ក្ត្រ ធ្វើឲ្យគេអវត្តមានពេលប៉ះព្រះខ័នរាជស្វាយរៀង នៅថ្ងៃអាទិត្យ។


ចុងក្រោយ គឺ Tomoyoki Unna របស់សូលទីឡូអង្គរ ដែលបានកាតលឿង៣សន្លឹក ត្រូវអវត្តមានពេលប៉ះក្រសួងការពារជាតិ នៅថ្ងៃអាទិត្យ ទី១១ សីហា៕

អត្ថបទ៖ CNCC