គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ហៅ សុជាតិ ៖ យើងចង់ឈ្នះបាទីច្រើនជាង៦គ្រាប់ដែរ តែប្រឹងអស់បានប៉ុណ្ណឹង

លោក ហៅ សុជាតិ គ្រូបង្គោលក្លិបបឹងកេតសារភាពថា មានបំណងយកឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទីច្រើនជាង៦គ្រាប់ទៅទៀត តែយ៉ាងណា កូនក្រុមគ្រប់រូបបានប្រឹងប្រែងអស់ពីលទ្ធភាពហើយក្នុងការប្រកួត Metfone Cambodian League សប្ដាហ៍ទី១៩ដែលបញ្ចប់ទៅដោយលទ្ធផល៦ទល់នឹង០។


ក្រោយចប់ការប្រកួតកាលថ្ងៃសៅរ៍ ទី១០ ខែសីហា គ្រូបង្វឹកក្រុមជើងឯក MCL ៣សម័យបង្ហើបថា បានផ្លាស់ប្ដូរសមាសភាពកីឡាករច្រើននៅជម្រើស១១នាក់ដំបូងជាពិសេសនៅតំបន់ការពារដើម្បីត្រៀមសម្រាប់ជំនួបវគ្គ៨ក្រុមពានរង្វាន់សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយសូលទីឡូអង្គរ នៅថ្ងៃពុធ ទី១៤ សីហា ខាងមុខ។


លោក ហៅ សុជាតិ រៀបរាប់ ៖”យើងចង់បានច្រើន តែធ្វើម៉េចយើងធ្វើបានប៉ុណ្ណឹង យើងព្យាយាមអស់ហើយ អស់ពីលទ្ធភាព ដោយសារយើងបានផ្លាស់ប្ដូរកីឡាករច្រើននៅថ្ងៃនេះ ដូចខ្សែការពារមួយចំនួនយើងផ្លាស់ប្ដូរច្រើន ហើយណាមួយបាទីមកថ្ងៃនេះគឺផ្ដោតលើការពារខ្លាំងតែម្ដង”។


គួរដឹងដែរថា ចាន់ វឌ្ឍនាកា ធ្វើបាន៣គ្រាប់ម្នាក់ឯងលើទឹកដីនៃកីឡដ្ឋាន Cambodia Airway ខណៈ Kenta Yamazaki, Mizuno Hikaru និង Julius Oiboh រកបានម្នាក់មួយគ្រាប់ដើម្បីបន្តភាពមិនទាន់ចាញ់របស់បឹងកេតនៅជុំទីពីររដូវកាល២០១៩នេះ៕

អត្ថបទ៖ CNCC