គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អ្នកចាំទី ញ៉ែម ស្លៃម៉ាន់ ៖ ទោះពិបាកប្រជែងកៅអីនៅ AEU ខ្ញុំនៅតែប្រឹងប្រែងរហូត

ការប្រកួតប្រជែងខ្ពស់ក្នុងក្រុម បូករួមទាំងបទពិសោធពីរៀមច្បង ពេជ្រ រ៉ូវិនយោធិន ធ្វើឲ្យអ្នកចាំទី ញ៉ែម ស្លៃម៉ាន់ ពិបាកដណ្ដើមទីតាំងនៅជម្រើស១១នាក់ដំបូងរបស់អាស៊ីអឺរ៉ុបយូណាយធីត ដែលគិតតាំងពីដើមរដូវកាលមក គេមិនទាន់ចូលលេងនៅឡើយទេ។


អតីតសមាជិកស៊ីម៉ាក់យូណាយធីត និងវេស្ទើនភ្នំពេញទទួលស្គាល់ថា រៀមច្បង ពេជ្រ រ៉ូវិនយោធិន ជាអ្នកចាំទីដ៏ល្អមួយរូប និងសម្បូរបទពិសោធ មិនទាន់មានអ្នកជំនួសបានក្នុងក្រុម។ តែយ៉ាងណារូបគេអះអាងថា នឹងតែខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរៀងរាល់ថ្ងៃ។


កីឡាករមានប្រភពនៅភ្នំពេញពន្យល់ ៖”និយាយទៅ អ្នកចាំទីនៅអាស៊ីអឺរ៉ុបមាន៤នាក់ទាំងខ្ញុំ ហើយអ្នកចាំទីម្នាក់ៗសុទ្ធតែល្អ។ មួយទៀតបងពេជ្រ រ៉ូវិនយោធិន គាត់មានបទពិសោធច្រើន ហើយនៅតែចាប់ល្អ អ៊ីចឹងយើងពិបាកប្រជែងរ៉ូលជាមួយគាត់។ តែយ៉ាងណា ក៏ខ្ញុំមិនបោះបង់អាជីពបាល់ទាត់ហ្នឹងចោលដែរ ខ្ញុំនៅតែខិតខំទោះពិបាកម៉េច ក៏ខ្ញុំមិនបាក់ទឹកចិត្តដែរ”។


ទាក់ទងនឹងកីឡាករ ញ៉ែម ស្លៃម៉ាន់ នេះ លោក ផេង ចន្នា អ្នកចាត់ការក្លិប AEU ឲ្យដឹងថា ក្រៅពីមានតួនាទីលេងខ្លួនឯង ថ្នាក់ដឹកនាំក្លិបបានលើកទឹកចិត្តបន្ថែមទៀត ដោយផ្ដល់ឱកាសដល់រូបគេចូលរួមក្រុមការងារបង្ហាត់ក្រុមយុវជនអាយុក្រោម១៨ឆ្នាំផងដែរ។


គួរដឹងដែរថា ញ៉ែម ស្លៃម៉ាន់ បានចូលរួមជាមួយអាស៊ីអឺរ៉ុបយូណាយធីតនៅរដូវកាល២០១៩នេះ ក្រោយចាកចេញពីវេស្ទើនភ្នំពេញ៕

អត្ថបទ៖ CNCC