គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូបង្គោលស្ដីទីវិសាខា៖ យើងមិនចាត់ទុកខ្លួនឯងជាក្រុមល្អបំផុតក្នុងពានសម្ដេចហ៊ុនសែនទេ តែយើងនឹងព្យាយាមជាក្រុមឱ្យបានល្អបំផុត

វិសាខា ត្រូវបានគ្រូបង្គោលព្រះខ័នរាជស្វាយរៀង Conor Nestor លើកឡើងថាជាក្រុមល្អបំផុតក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឆ្នាំ២០១៩នេះ ដ្បិតពួកគេសម្បូរទៅដោយកីឡាករខ្មែរដ៏មានទេពកោសល្យជាច្រើននៅក្នុងក្រុម។ 



ប៉ុន្តែលោក Tunji Ayoyinka Akeep គ្រូបង្គោលស្ដីទីវិសាខា មិនចាត់ទុកក្រុមរបស់ខ្លួនជាក្រុមល្អបំផុតដូច្នោះឡើយ តែថាក្រុមរបស់លោកនឹងព្យាយាមធ្វើការជាក្រុមឱ្យបានល្អបំផុតដើម្បីប្រជែងពានរង្វាន់ក្នុងរដូវកាលនេះ។ 



គ្រូជនជាតិនីហ្សេរីយ៉ាដែលបានឡើងមកជំនួសតំណែងលោក ហុក សុជីវ័ន ជាបណ្ដោះអាសន្ន និយាយថា៖ ពួកយើងមិនចាត់ទុកខ្លួនឯងជាក្រុមល្អបំផុតនោះទេ ប៉ុន្តែពួកយើងប្រឹងប្រែងអស់ពីសមត្ថភាព ព្យាយាមធ្វើការជាក្រុមឱ្យបានល្អបំផុតដើម្បីឈ្នះការប្រកួតពេលយើងដើរចូលទីលាន។ ខ្ញុំគិតថាពួកយើងមានឱកាសក្នុងការឈ្នះពានសម្ដេចហ៊ុនសែនដែរ ហើយយើងត្រូវខំធ្វើការខ្លាំងជាងនេះបន្ថែមទៀតដើម្បីសម្រេចគោលដៅរបស់យើង។ ពួកយើងខំហ្វឹកហាត់ខ្លាំងរាល់ថ្ងៃ។ ពួកយើងចង់ឱ្យសមិទ្ធផលរបស់យើងជាអ្នកនិយាយជំនួសវិញ ជាជាងពួកយើងនិយាយដោយខ្លួនឯងថាខ្លួនឯងជាក្រុមល្អបំផុតក្នុងពានសម្ដេចតេជោ។ 



គួររំលឹកថា វិសាខា បានផ្ដួល នគរបាលជាតិ ដោយគ្រាប់បាល់សរុបពីរជើង១០-០ក្នុងវគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិ ពានសម្ដេចតេជោ។



ក្នុងវគ្គ៨ក្រុមចុងក្រោយ ពួកគេត្រូវតតាំងជាមួយ គិរីវង់សុខសែនជ័យ ដោយជើងទី១នឹងធ្វើឡើងនៅកីឡដ្ឋានវិសាខា ម៉ោង៦ល្ងាចថ្ងៃពុធទី១៤ខែសីហានេះ ផ្សាយផ្ទាល់ដោយ Channel YouTube CNCC៕


អត្ថបទ៖ CNCC