គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អាវគិរីវង់ចំនួន២០០ត្រូវលក់ដាច់អស់នៅថ្ងៃដំបូង

អាវបាល់ទាត់ក្លិបគិរីវង់សុខសែនជ័យចំនួន២០០អាវត្រូវបានអ្នកគាំទ្រទិញអស់ពេលបើកលក់ថ្ងៃដំបូងនៅកីឡដ្ឋានរបស់ខ្លួន កាលរសៀលថ្ងៃអាទិត្យ ទី១១ ខែសីហា ពេលទទួលភ្ញៀវនគរបាលជាតិ។


លោក ឌុក វាសនា អ្នកចាត់ការទូទៅក្រុមមានមូលដ្ឋាននៅខេត្តតាកែវប្រាប់ថា ការលក់ជំហានដំបូងនេះគឺត្រឹមតែ២០០អាវសិនប៉ុណ្ណោះ ហើយនឹងបន្តដាក់លក់ច្រើនបន្ថែមនៅប្រកួតបន្តបន្ទាប់។ លោកថា សប្បាយរីករាយយ៉ាងខ្លាំងដែលអាវក្លិបរបស់លោកទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូវដីបែបនេះ។


លោក ឌុក វាសនា រៀបរាប់ ៖”យើងលក់បាន២០០អាវនៅថ្ងៃដំបូងនេះ។ សម្រាប់អាវមួយគឺ៨ដុល្លារ។ និយាយរួមសប្បាយចិត្ត ព្រោះមានគេគាំទ្រច្រើន ហើយមិនតែប៉ុណ្ណោះក៏មានអ្នកបញ្ជាទិញច្រើនទាំងតាមអនឡាញទៀត។ អ្នកខ្លះកុម្មង់១០ អ្នកខ្លះ៥ អ្នកខ្លះមួយចំនួនធំថែមទៀត។ សម្រាប់ការលក់ក្រោយៗយើងនឹងមិនកំណត់ចំនួនទេ”។


ថ្នាក់ដឹកនាំដដែលបានថ្លែងអំណរគុណចំពោះអ្នកគាំទ្រដែលចំណាយពេលវេលាមកទស្សនាការប្រកួតរបស់គិរីវង់សុខសែនជ័យហើយថែមទាំងចាយថវិកាទិញអាវក្លិបទៀត។ លោកថា សកម្មភាពនេះមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីលើកស្ទួយ និងអភិវឌ្ឍក្លិបឲ្យកាន់តែរីកចម្រើនតទៅមុខ។  


គួរដឹងដែរថា កាលពីពេលថ្មីៗនេះក្លិបគិរីវង់សុខសែនជ័យ ទើបប្រកាសពីការផ្លាស់ប្ដូរនិមិត្តសញ្ញា និងឯកសណ្ឋានថ្មីដែលប្ដូរពីសត្វនាគ ទៅជាសត្វមាន់ផងដែរ៕

អត្ថបទ៖ CNCC