គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ហៅ សុជាតិ ៖យើងប៉ះសូលទីឡូហើយត្រូវប៉ះវិសាខាទៀត អ៊ីចឹងពិបាកបន្តិចសម្រាប់យើង

លោក ហៅ សុជាតិ គ្រូបង្គោលក្លិបបឹងកេត បានចាត់ទុកកម្លាំង គឺជាកត្តាប្រឈមមួយនៅសប្ដាហ៍នេះ ព្រោះត្រូវមានការប្រកួតសំខាន់ពីរ គឺទទួលភ្ញៀវសូលទីឡូអង្គរ វគ្គ៨ក្រុមជើងទីមួយ ពានសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃពុធ ទី១៤ សីហា ហើយត្រូវបន្តប៉ះវិសាខាថែមទៀតនៅថ្ងៃទី១៧ សីហា សម្រាប់ការប្រកួតលីគកំពូល។ 


មិនតែប៉ុណ្ណោះ គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា៣សម័យយល់ឃើញថា នឹងមានការពិបាកបន្ថែមទៀតក្នុងការរៀបចំក្រុម។ 


លោក ហៅ សុជាតិ រៀបរាប់ ៖”វាមានបញ្ហាធំមួយដែរក្នុងការរៀបចំក្លិបដោយសារយើងលេងពានសម្ដេចពាក់កណ្ដាលសប្ដាហ៍ជាមួយសូលទីឡូហើយ ត្រូវប៉ះវិសាខាដែលជាក្រុមខ្លាំងនៅលីគចុងសប្ដាហ៍ទៀត អ៊ីចឹងវាពិបាកដែរក្នុងការរៀបចំក្រុម។ កីឡាករយើងត្រូវចំណាយកម្លាំងច្រើនមែនទែន ព្រោះមួយអាទិត្យត្រូវលេង៣ប្រកួត”។


អតីតគ្រូជំនួយក្លិបភ្នំពេញក្រោនសារភាពថា បានផ្លាស់ប្ដូរកីឡាករជាច្រើនពេលប៉ះបាទីកាលចុងសប្ដាហ៍កន្លងទៅនៅ Metfone Cambodian League ដើម្បីទុកកម្លាំងត្រៀមពានសម្ដេចតេជោ ហ៊ុន សែន។


គួរដឹងដែរថា មុនឡើងទៅកាន់វគ្គ៨ក្រុមពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ២០១៩ នេះ បឹងកេតបានទម្លាក់ក្រុមរងជើងឯកថ្នាក់ខេត្តសៀមរាប និងសូលទីឡូអង្គរទម្លាក់ក្រុមលេខ៣ថ្នាក់ខេត្ត រតនគិរី៕

អត្ថបទ៖ CNCC