គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ឈ្នះត្រឹម១-០មែន តែគ្រូភ្នំពេញក្រោន ថា ពេញចិត្តការលេងរបស់កូនក្រុម

លោក Sean Sainsbury គ្រូបង្គោលភ្នំពេញក្រោន លើកឡើងថា កូនក្រុមខ្លួនធ្វើបានយ៉ាងល្អក្នុងជំនួបឈ្នះម្ចាស់ផ្ទះវេស្ទើន១ទល់នឹង០ នៃក្របខណ្ឌ Metfone Cambodian League នៅរសៀលថ្ងៃអាទិត្យ ទី០៣ មិថុនា។ 
គ្រូបង្វឹកជនជាតិអង់គ្លេសថ្លែងថា មានការភ្លាត់ស្នៀតមួយចំនួន ប៉ុន្តែកីឡាកររបស់លោកបានធ្វើទៅតាមគម្រោងយ៉ាងល្អ ដោយអាចបង្កើតឱកាសយ៉ាងច្រើន ទាំងការគ្រប់គ្រងបាល់ ជាដើម។


គ្រូបង្វឹកកាន់ A-License ពន្យល់ ៖ "ខ្ញុំគិតថា យើងលេងបានយ៉ាងល្អ ដោយមានការរៀបចំល្អក្នុងការប្រកួតនេះ។ ទីលានទីនេះមិនងាយស្រួលលេងប៉ុន្មានទេ ប៉ុន្តែយើងអាចលេងយ៉ាងគួរឲ្យចាប់អារម្មណ៍ មានការលេងជាក្រុមយ៉ាងល្អ បូករួមទាំងឱកាសល្អៗយ៉ាងច្រើនទៀត។ កីឡាករទាំងអស់ប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរកគ្រាប់បាល់បន្ថែមទៀត ប៉ុន្តែខ្ញុំសប្បាយចិត្ត ព្រោះយើងបាន៣ពិន្ទុ"។


គ្រាប់បាល់របស់ភ្នំពេញក្រោនកើតឡើងដោយការភ្លាត់ចូលទីខ្លួនឯងពីកីឡាករ ចន្ថា ធនធានរបស់វេស្ទើន នៅនាទី៣៥ តាមរយៈការលើកហ្វ្រីឃីក ដោយស៊ិន កក្កដា។
គួរដឹងដែរថា ភ្នំពេញក្រោន នឹងទទួលស្វាគមន៍បឹងកេត សម្រាប់ការប្រកួតសប្ដាហ៍ទី០៩ នៃក្របខណ្ឌ Metfone Cambodian League ថ្ងៃសៅរ៍ ទី០៩ មិថុនា នាកីឡដ្ឋាន RSN៕



អត្ថបទ៖ CNCC