គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ស្រាំង ទិតឈី យកឱកាសលេងពានសម្ដេច ទាក់ចិត្តគ្រូបង្វឹកជម្រើសជាតិ

ដោយពិបាកប្រជែងកៅអីប្រកួតលីគ ជាមួយកីឡាករបរទេសក្នុងក្លឹប ខ្សែការពារវ័យក្មេង ស្រាំង ទិតឈី បង្ហើបថា ខ្លួននឹងប្រើឱកាសបង្ហាញខ្លួនក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ដោយបញ្ចេញសមត្ថភាពឲ្យល្អបំផុត ទាក់ទាញការចាប់អារម្មណ៍ពីគ្រូបង្វឹកជម្រើសជាតិ ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។


«ក្នុងលីគខ្ញុំពិបាកបន្តិច ដោយសារបរទេសយើងល្អៗច្រើន អញ្ចឹងឱកាសលេងស្ដួចស្ដើងសម្រាប់ខ្ញុំ។ ប៉ុន្តែក្នុងពានសម្ដេចខ្ញុំបានលេងរហូត ហេតុនេះខ្ញុំនឹងយកឱកាសនេះបង្ហាញឲ្យបានល្អប្រកបដោយគុណភាព ព្រោះវាជាពេលដែលខ្ញុំត្រូវបង្កើតការចាប់អារម្មណ៍ពីគ្រូជម្រើសជាតិ។ ជាប់ជម្រើសជាតិជាក្ដីស្រមៃដ៏ធំ អញ្ចឹងខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងពេលលេង»។


ក្រៅពីបំណងធំខាងលើ យុវជនមានប្រភពពីខេត្តស្ទឹងត្រែងប្រាប់ថា ការបង្ហាញខ្លូនក្នុងពានសម្ដេចក៏ជាឱកាសរក្សា និង វាស់ស្ទង់សមត្ថភាពរបស់គេផងដែរ ព្រោះបើបានត្រឹមតែហ្វឹកហាត់ ឬ ប្រកួតមិត្តភាព ហើយពុំបានប្រកួតផ្លូវការ នោះគេពុំអាចថ្លឹងថ្លែងថាខ្លួនកំពុងស្ថិតក្នុងកម្រិតណានោះទេ។


គួរដឹងដែរថា ទិត្យឈី និង មិត្តរួមក្រុម ទើបជួយភ្នំពេញក្រោនយកឈ្នះអគ្គិសនីកម្ពុជា ក្នុងលទ្ធផលសរុបទាំង២ជើង ៦-១ វគ្គ១៦ក្រុម ពានរង្វាន់សម្ដេចតេជោ។ សម្រាប់វគ្គ៨ក្រុមចុងក្រោយ ភ្នំពេញក្រោន នឹងត្រូវប៉ះ អង្គរថាយហ្គឺរ នៅថ្ងៃទី០១ សីហាខាងមុខ៕

អត្ថបទ៖ CNCC