សៀង ចន្ធា និយាយពីការសម្រេចចិត្តចូលរួមក្លិបលីគកំពូលកម្ពុជា
03 Oct 2019 12:46 10964

ខ្សែប្រយុទ្ធឆ្នើមនៃក្រុមសាលាបាល់ទាត់ជាតិ អាយុក្រោម១៨ឆ្នាំ សៀង ចន្ធា តាមរយៈការផ្ដល់បទសម្ភាសដល់ CNCC បានអះអាងថា រូបគេពុំទាន់កំណត់ថា នឹងចូលរួមជាមួយក្លិបណាមួយនៃក្របខណ្ឌ Metfone Cambodian League នោះឡើយ ព្រោះចង់ប្រមូលអារម្មណ៍ជួយក្រុមខ្លួន ក្នុងព្រឹត្តិការណ៍លីគកំពូលរដូវកាល២០១៩នេះ ឲ្យចប់ចុងចប់ដើមសិន។

«តាមត្រង់ទៅ ខ្ញុំអត់ទាន់បានគិតថានឹងចូលរួមជាមួយក្លិបណាមួយ ក្នុងលីគកំពូលកម្ពុជាយើងទេ។ អ្វីដែលខ្ញុំផ្ដោតរាល់ថ្ងៃ គឺការជួយក្រុមសាលាបាល់ទាត់ជាតិ រកលទ្ធផលល្អនៅក្នុងលីគយើង។ លុះត្រាតែពេលចេញពីសាលាបាទី ទើបខ្ញុំសម្រេចថាចូលរួមជាមួយក្រុមមួយនេះ ឬក្រុមមួយនោះ។ ខ្ញុំចង់ធ្វើឲ្យបានល្អ និងបង្កើតមោទនភាពមួយសម្រាប់ក្រុមរបស់ខ្ញុំសិន»។

កន្លងមកធ្លាប់មានចចាមអារ៉ាមថា យុវជនមានប្រភពពីខេត្តកោះកុងរូបនេះ នឹងចូលរួមជាមួយក្លិបធំៗនៅក្នុងលីគកំពូលកម្ពុជា ដំណឹងខ្លះថាទៅក្លិបនេះ ខ្លះទៀតថាទៅក្លិបនោះ ហើយបន្ទាប់មកទៀតក៏លេចឮថា រូបគេនឹងទទួលបានកុងត្រាអាជីពពីក្លិបបរទេសវិញ ប៉ុន្តែព័ត៌មានទាំងអស់ត្រូវសាមីខ្លួនច្រានចោលទាំងស្រុង។

គួរឲ្យដឹងថា សៀង  ចន្ធា នឹងត្រូវចាកចេញពីសាលាបាល់ទាត់ជាតិ នាដំណាច់រដូវកាលនេះហើយ ក្រោយរួមរស់ និងហ្វឹកហាត់បំប៉នសមត្ថភាពនៅទីនេះជាង៣ឆ្នាំមក។  ខ្សែប្រយុទ្ធរូបនេះ ត្រូវបានមជ្ឈដ្ឋានអ្នកគាំទ្របាល់ទាត់ជាតិ កោតសរសើរមិនដាច់ពីមាត់ ពីសមត្ថភាពដ៏ល្អរបស់គេ ពិសេសក្នុងការប្រកួត AFF U18 Cup កាលពីពេលកន្លងទៅ៕

 

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania