រាយនាមម្ចាស់ជ័យលាភីឯកត្តជនប្រចាំ MCL 2021

20 Nov 2021 22:39

370

Share :


ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League បានបញ្ចប់រដូវកាល ២០២១ ជាស្ថាពរហើយកាលថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ដែលម្ចាស់ជើងឯកបានទៅលើភ្នំពេញក្រោន និងជាការឈ្នះលើកទី៧របស់ពួកគេ ដោយទទួលបានពិន្ទុសរុប៤៤ពិន្ទុ  ដោយតាមពីក្រោយដោយព្រះខ័នរាជស្វាយរៀង ៤២ពិន្ទុ និងលេខ៣ វិសាខាមាន ៤០ពិន្ទុ។

បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់រួចរាល់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានរៀបចំពិធីប្រគល់រង្វាន់ដល់ម្ចាស់ជើងឯកភ្នំពេញក្រោន នាកីឡដ្ឋាន Smart RSN ដោយនៅល្ងាចថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា។ ក្រៅពីប្រគល់រង្វាន់ដល់ក្រុមជើងឯក  គណៈអធិបតីក៏បានប្រគល់នូវជយលាភីឯកត្តជនដូចជា  ស្រោមដៃមាស, គ្រូបង្វឹកល្អ  និងក្រុមអាជ្ញាកណ្ដាលល្អផងដែរ។ ទន្ទឹមនឹងនេះក៏មានការប្រកាសពីអ្នកទទួលបានជយលាភី ស្បែកជើងមាស, កីឡាករល្អ និងក្រុម Fair Play។

សម្រាប់ស្បែកជើងមាសដែលតំណាងកីឡាកររកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ បានទៅលើខ្សែប្រយុទ្ធ Marcio Marques របស់ណាហ្គាវើលដ៍។ កីឡាករក្លិបណាហ្គាវើលដ៍រូបនេះរកបាន២២គ្រាប់ពីការចូលលេងបាន១៥៤១នាទីកន្លងមក។

រង្វាន់ស្រោមដៃមាសសម្រាប់អ្នកចាំទីល្អជាងគេបានទៅលើ សាវែង សំណាង របស់ភ្នំពេញក្រោន។ គេរួមចំណែកយ៉ាងសំខាន់ដែរក្នុងការជួយក្រុមឈានទៅតំណែងជើងឯក។ ក្នុងការវិលមកកាន់ការងារជាគ្រូបង្គោលភ្នំពេញក្រោនសាជាថ្មី រដូវកាល២០២១នេះ លោក Oleg Staryinski បាននាំក្រុមឈ្នះតំណែងជើងឯកជាលើកទី៧ដែលជាចំនួនដ៏ច្រើនបំផុត។  លោកក៏ត្រូវបានជ្រើសរើសជាគ្រូបង្វឹកល្អប្រចាំរដូវកាល។ 

ទោះមិនអាចប្រជែងបានស្បែកជើងមាសដោយក្រោម Marcio តែមួយគ្រាប់ Privat Mbarga នៅតែអាចស្រវាបានជយលាភីឯកត្តជននឹងគេដែរ ដោយទទួល បាន ងារជាកីឡាករល្អប្រចាំរដូវកាល។ មិនអាចការពារតំណែងជើងឯកបាន តែមិនមែនមានន័យថា បឹងកេតបញ្ចប់រដូវកាល MCL 2021 ដៃទទេទេ ដោយពួកគេត្រូវបានជ្រើសរើសជាក្រុម Fair Play ទទួល បាន៥៥១ពិន្ទុ។  

ក្រុមអាជ្ញាកណ្ដាលល្អបានទៅលើលោក ជួប វិសាលា ជាអាជ្ញាកណ្ដាលផ្លុំ, ជំនួយការទី១លោក ស៊ុន ច័ន្ទភារិទ្ធ, ជំនួយការអាជ្ញាកណ្ដាលទី២ លោក ភី វិសាលា និងមន្ត្រីទី៤ លោក ជី សាមឌី៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania