ការឈ្នះតំណែងជើងឯកក្របខណ្ឌ Metfone Cambodian League ប្រចាំរដូវកាល ២០២១ របស់ ភ្នំពេញក្រោន មានន័យថា អតីតខ្សែប្រយុទ្ធ កែវ សុខង៉ន សម្រេចបំណងរបស់ ខ្លួនដែលបានលើកពានកំពូលមួយនេះទាំងពេលនៅជាកីឡាករ និងក្នុងនាមជាអ្នកចាត់ការក្រុម។
អតីតតារាឆ្នើមរូបនេះត្រូវបានថ្នាក់ដឹកនាំក្រុមជើងឯក MCL ៧សម័យខាងលើតែងតាំងជា Team Manager ដំបូងកាលចុងឆ្នាំ២០១៨ ក្រោយសម្រេចចិត្តចូលនិវត្តន៍ក្នុងនាមជាកីឡាករ។ កាលណោះបុរសមានកំណើតនៅខេត្តក្រចេះបាន បង្ហាញពីបំណងឈានទៅឈ្នះពានរង្វាន់ដ៏ធំប្រចាំប្រទេសសាជាថ្មីនៅថ្ងៃណាក្នុងនាមជាអ្នកចាត់ការ។
កែវ សុខង៉ន ថ្លែងបែបនេះ "៖ នេះជាអ្វីដែលខ្ញុំបានប៉ងប្រាថ្នា។ កាលនៅជាកីឡាករខ្ញុំទទួល បានជោគជ័យមែនទែនដែលបានឈ្នះពានរង្វាន់។ ខ្ញុំក៏បាន ប៉ងថា ប្រសិនបើខ្ញុំអាចក្លាយជាអ្នកដឹកនាំក្លិបភ្នំពេញក្រោន ខ្ញុំចង់បានជើងឯក លីគ ឬពានរង្វាន់សម្ដេចសាជាថ្មីទៀតដែលនេះជាគោលបំណងដ៏ធំរបស់ខ្ញុំ ហើយក៏ជាការខិតខំប្រឹងប្រែងទាំងអស់គ្នា។"។
គួររំឭកថា កែវ សុខង៉ន បានចំណាយពេលនៅភ្នំពេញក្រោនពីឆ្នាំ២០០៧ដល់ដាច់រដូវកាល២០១០ជាទីរូបគេរួមចំណែកឈ្នះជើងឯក លីគកំពូល ២០០៨ និង២០១០។ គេក៏បានរួមចំណែកឈ្នះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ២លើកក្នុងឆ្នាំ២០០៨ និង២០០៩។ ឆ្នាំ២០១២ ពេលលេងនៅបឹងកេត បងប្រុស របស់ កែវ សុខផេង ដដែលបានលើកពានលីគកំពូលសាជាថ្មី។ ក្នុងឆ្នាំ២០១៥ គេ និងកែវ សុខផេង បានទៅចូលរួមជាមួយភ្នំពេញក្រោន និងលើកពានលីគម្ដងទៀតនាពេលនោះ។
ភ្នំពេញក្រោននៅសល់ឱកាសប្រជែងពានរង្វាន់មួយទៀតក្នុងរដូវកាល២០២១ គឺជើងឯក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ដែលត្រូវប៉ះព្រះខ័នរាជស្វាយរៀងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា៕
អត្ថបទ៖ CNCC