ជុំវិញវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្ងៃនេះ

22 Nov 2021 12:27

1250

Share :


ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា នេះហើយដែលធ្វើឡើងនៅម៉ោង និងទីតាំងផ្សេងគ្នា។ ក្នុងនោះ បឹងកេតត្រូវទទួលក្រុមការពារតំណែងជើងឯក វិសាខា  វេលាម៉ោង៣រសៀល នាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ និងភ្នំពេញក្រោន ប៉ះម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ម៉ោង៦ល្ងាច។

បឹងកេត vs វិសាខា 

គិតត្រឹមពេលនេះ ក្រុមទាំង២ប៉ះគ្នា៣រដូវកាលជាប់ៗគ្នាហើយ។ កាលឆ្នាំ២០១៩ បឹងកេតបានផ្ដួលវិសាខា ដោយលទ្ធផល៤ទល់នឹង០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវាលស្មៅពហុកីឡដ្ឋានជាតិ ដែលពេលនោះ ចាន់ វឌ្ឍនាកា ទាត់បញ្ចូលទី៣គ្រាប់ម្នាក់ឯង និងមួយគ្រាប់ទៀតធ្វើបានដោយ ម៉ុន វ៉ាន់ដា។ បឹងកេតបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និងគ្រងតំណែងជើងឯក តាមរយៈជ័យជម្នះលើព្រះខ័នរាជស្វាយរៀង។

ក្នុងរដូវកាល ២០២០ វិសាខាបានទម្លាក់បឹងកេតវិញម្ដងក្នុងវគ្គ៨ក្រុមចុងក្រោយ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ។ វិសាខា ក៏បន្តឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ឈានទៅក្រសោបតំណែងជើងឯក តែម្ដង។

ដំណើរឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ បឹងកេតបានយកឈ្នះសូលទីឡូអង្គរ ដោយលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គ១៦ក្រុមចុងក្រោយ និងវាយបកតាមស្មើណាហ្គាវើលដ៍ ២ទល់នឹង២ ហើយក៏ឈ្នះដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្នុងវគ្គ៨ក្រុមចុងក្រោយ។

ម៉ាត់ នូរុណ ជា Top Scorers បណ្ដោះអាសន្នក្នុងក្រុមបឹងកេត ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិរដូវកាលនេះ ដោយរកបាន ៣គ្រាប់កាលប៉ះសូលទីឡូអង្គរ។ ចំណែក ចាន់ វឌ្ឍនាកា ឈរលំដាប់ទី២ក្នុងក្រុម ក្រោយរកបាន២គ្រាប់ក្នុងសំណាញ់ណាហ្គាវើលដ៍។ 

នៅវិសាខាឯណោះវិញ កែវ សុខផេង ជា Top Scorers រួមបណ្ដោះអាសន្នតែម្ដង ដោយរកបាន៦គ្រាប់ពីការប្រកួត២លើក។ 

ចាន់ វឌ្ឍនាកា អាចនិយាយបានថា ជាចលករដ៏ព្រួយបារម្ភសម្រាប់វិសាខា ដោយម្ចាស់អាវលេខ១១រូបនេះរកគ្រាប់បាល់បញ្ចូលទីបាន ពេលប៉ះស្ទើរតែរាល់ពេលក្រុមទាំង២ប៉ះគ្នា។ ជាក់ស្ដែង ក្នុងការប្រកួត Metfone Cambodian League ជើងទី២ នៅកីឡដ្ឋានព្រីនស៍ វឌ្ឍនាកា បានទាត់បញ្ចូលទីឲ្យបឹងកេត ឈ្នះ១ទល់នឹង២ និងជាការសងសឹក ក្រោយវិសាខា ឈ្នះ១ទល់នឹង៥ នៅខេមបូឌាអ៊ែរវ៉េ កាលជើងទី១។

សម្រាប់វិសាខា វិញ កែវ សុខផេង នឹងដើរតួសំខាន់ដដែលក្នុងការស្វែងរកគ្រាប់បាល់បញ្ចូលទី និងជួយជ្រោមជ្រែងដល់ខ្សែប្រយុទ្ធវ័យ ក្មេង វុធ តុលា ស្របពេល ស៊ិន កក្កដា និងរុឹង ប៊ុនហៀង មានបញ្ហារបួស។

ព្រះខ័នរាជស្វាយរៀង vs ភ្នំពេញក្រោន 

ក្រុមទាំង២ធ្លាប់ប៉ះគ្នាច្រើនលើកច្រើនសាហើយក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ មុនឆ្នាំ២០១០ ភ្នំពេញក្រោន ទទួលបានលទ្ធផល ល្អញឹកញាប់ពេលប៉ះព្រះខ័នរាជស្វាយរៀង ជាពិសេសពេលនៅជាភ្នំពេញអ៊ឹមផាយអឺរ។ ជាក់ស្ដែង ក្នុងឆ្នាំ២០០៨ ភ្នំពេញអ៊ឹមផាយអឺរ (ភ្នំពេញក្រោនបច្ចុប្បន្ន) បានយកឈ្នះព្រះខ័នរាជស្វាយរៀង (កាលណោះជាព្រះខ័នរាជ) ដោយលទ្ធផល១ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ប៉ុន្តែចាប់តាំងពីឆ្នាំ២០១០មកទល់បច្ចុប្បន្ន ភ្នំពេញក្រោនមិនទទួល បានលទ្ធផលល្អប៉ុន្មានទេពេលប៉ះគ្នាសាជាថ្មី ក្នុងពានសម្ដេចតេជោ។ ចុងក្រោយបង្អស់ក្នុងឆ្នាំ២០១៩ ព្រះខ័នរាជស្វាយរៀង ឈ្នះដោយបាល់១១ម៉ែត្រ ក្រោយស្មើគ្នា០ទល់នឹង០។ 

ឆ្លងកាត់ការប្រកួត២លើករដូវកាល២០២១នេះ ប្រាក់ ធីវ៉ា និងសំអុល ទីណា មាន ៣គ្រាប់ដូចគ្នា នៅលើគេក្នុងក្រុមភ្នំពេញក្រោន។ ចំណែក ម៉ុន វ៉ាន់ដា និង ឃៀង ម៉េងហួរ នាំមុខគេនៅព្រះខ័នរាជស្វាយរៀង ដោយមាន២គ្រាប់ដូចគ្នា។

ដំណើរឆ្ពោះមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ភ្នំពេញក្រោនឈ្នះក្រុមលេខ២ថ្នាក់ខេត្ត ត្បូងឃ្មុំ ៧ទល់នឹង០ និងឈ្នះអគ្គិសនីកម្ពុជា ១ទល់នឹង០។ ព្រះខ័នរាជស្វាយរៀង បានឈ្នះជើងឯកថ្នាក់ខេត្តកោះកុងអេហ្វស៊ី ៦ទល់នឹង១ និងឈ្នះអង្គរថាយហ្គឺរ ២ទល់នឹង០។

កីឡាករគួរចាប់អារម្មណ៍សម្រាប់ភ្នំពេញក្រោនក្នុងពានសម្ដេចតេជោ ហ៊ុន សែន ក្រៅពី ប្រាក់ ធីវ៉ា ដែលជាកម្លាំងសំខាន់ក្នុងការរកគ្រាប់បាល់ លឹម ពិសុទ្ធ ឯណេះ ប្រាកដណាស់មិនអាចឲ្យព្រះខ័នរាជស្វាយរៀងប្រហែសបានទេ។ 

សម្រាប់កូនក្រុមលោក Conor Nestor វិញ មិន រតនៈ ជាឆ្អឹងខ្នងក្នុងតំបន់កណ្ដាល ជាពិសេសការ assist របស់គេ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania