គិតត្រឹមពេលនេះមានកីឡាករបរទេស២រូបហើយចាកចេញពីព្រះខ័នរាជស្វាយរៀង

23 Nov 2021 12:47

1153

Share :


ក្រោយចំណាយពេល៤រដូវកាលនៅព្រះខ័នរាជស្វាយរៀង ខ្សែបម្រើ Daisuke Kobayashi បានចាកចេញពីទ្រនំមួយនេះហើយ។ នេះបើតាមការប្រកាសលើទំព័រ Facebook ផ្លូវការរបស់ក្រុមរងជើងឯក Metfone Cambodian League 2021 នៅរសៀលថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា។

កីឡាករវ័យ២៩ឆ្នាំធ្លាប់ប្រកបអាជីពនៅប្រទេសថៃ និងបានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាល២០១៨។ គេបានរួមចំណែកឈ្នះជើងឯក Metfone Cambodian League រដូវកាល២០១៩។ ខ្សែបម្រើជនជាតិជប៉ុន ជាផ្នែកដ៏សំខាន់ក្នុងក្រុមគ្រូបង្គោល Conor Nestor ហើយរយៈពេល៤ឆ្នាំមកនេះ គេរកបាន៩គ្រាប់ និង assist ១២ដងពីការចូលលេង៨៦ប្រកួត។

ចំណែកខ្សែប្រយុទ្ធ Miguel Angel Junco Martinez ក៏បានចាកចេញផងដែរ បន្ទាប់ពីលេងបានមួយរដូវកាល។ ក្នុងក្រុមជើងឯក MCL ២សម័យមួយនេះ កីឡាករមានឈ្មោះហៅកាត់ Mika រកបាន១៥គ្រាប់ពីការចូលលេង១៥លើក និង assist ៩ដង ក្នុងរយៈពេល៩៨៧នាទី។ គេប្រាប់ថា ពិតជារីករាយចំពោះស្ថិតិនេះ តែខកចិត្តខ្លះដែរចំពោះបញ្ហាកូវីដ១៩ដែលធ្វើឲ្យគេមិនអាចឈានដល់ចំណុចកំពូល១០០ភាគរយ។ គេថា ផែនការបន្ទាប់ គឺត្រលប់ទៅសម្រាកនៅប្រទេសកំណើតអេស្ប៉ាញសិន មុនសម្រេចចិត្តបែបណាទៀត។

គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង បញ្ចប់នៅចំណាត់ថ្នាក់លេខ២ ក្នុងក្របខណ្ឌ Metfone Cambodian League 2021 មាន៤២ពិន្ទុក្រោមក្រុមជើងឯកភ្នំពេញក្រោន ២ពិន្ទុ។ ពួកគេនៅសល់ឱកាសយកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិមួយទៀតដែលត្រូវប៉ះភ្នំពេញក្រោន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ Preah Khan Reach Svay Rieng FC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania