ព្រះខ័នរាជស្វាយរៀងទទួលបានសិទ្ធិចូលរួមប្រកួត AFC Cup 2020
22 Nov 2019 17:10 4290

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបានផ្ដល់សិទ្ធិចូលរួមប្រកួតពានរង្វាន់ AFC Cup រដូវកាល ២០២០ ដល់ព្រះខ័នរាជស្វាយរៀងដែលជាជើងឯកក្របខណ្ឌ Metfone Cambodian League 2019។

ក្រុមជើងឯក MCL ពីរសម័យកាលនឹងឆ្លងកាត់វគ្គជម្រុះ Play-Off ដើម្បីយកកៅអីក្នុងពូល ហើយការចាប់គូរនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ នាស្នាក់ការ AFC ក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយអាចប្រឈមគូរប្រជែងដូចជា PSM Makassar ជើងឯក Indonesian Cup,  Master 7 ជើងឯករងលីគកំពូលឡាវ, Indera ក្រុមលេខ៤លីគកំពូលប្រ៊ុយណេ, Yangon United ជើងឯក Aung San Shield និង Lalenok ជើងឯកលីគកំពូលទីម័រខាងកើត។

នេះជាលើកទីមួយដែល ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានចូលរួមការប្រកួតពានរង្វាន់កម្រិតទីពីររបស់អាស៊ី និងក្លិបទី៤ពីកម្ពុជា បន្ទាប់ពីបឹងកេត, ភ្នំពេញក្រោន និងណាហ្គាវើលដ៍ដែលធ្លាប់បានចូលរួមការប្រកួតពាននេះ។ យ៉ាងណា មានតែបឹងកេត នៅឆ្នាំ ២០១៦ ២០១៧ និងណាហ្គាវើលដ៍ នៅ២០១៨ ដែលបានឆ្លងដល់វគ្គចែកពូល។

ដោយឡែកក្លិបកម្ពុជាដែលទទួលបានអាជ្ញាប័ណ្ណ AFC (Club Licensing) ឆ្នាំ២០១៩នេះមានព្រះខ័នរាជស្វាយរៀង បឹងកេត និង អង្គរថាយហ្គឺរ ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania