គ្រូអាស៊ីអឺរ៉ុបរំឭកពេលវេលារីករាយ និងខកចិត្តនៅ MCL 2019
28 Nov 2019 13:45 1175

ជ័យជម្នះលើម្ចាស់ផ្ទះវិសាខានៅជុំទីមួយនិងលើម្ចាស់ផ្ទះការពារជាតិនៅថ្ងៃបិទរដូវកាលត្រូវបានលោក សុក វាសនា គ្រូបង្គោលអាស៊ីអឺរ៉ុបយូណាយធីត ចាត់ទុកជាពេលវេលាដ៏រីករាយ និងគួរចងចាំបំផុតសម្រាប់ក្លិបនៅក្របខណ្ឌ Metfone Cambodian League 2019 កន្លងទៅ។

ជាពេលវេលាដ៏រីករាយដោយសារគ្រូបង្វឹកក្រុមតំណាងសាកលវិទ្យាល័យមួយនេះមើលឃើញថា ក្រុមលោកមិនសូវឈ្នះទ័ព ខណៈវិសាខាក៏ជាក្រុមដ៏ខ្លាំងមួយ។ 

លោក សុក វាសនា រៀបរាប់លម្អិត ៖”នៅ MCL ២០១៩កន្លងទៅ យើងរីករាយបំផុតពេលបានឈ្នះវិសាខា និងការប្រកួតចុងក្រោយជាមួយការពារជាតិ ដោយសារជាមួយទ័ពយើងមិនសូវឈ្នះគេទេ តែយើងឈ្នះគេនៅថ្ងៃចុងក្រោយទៀត អាហ្នឹងជាចំណុចរីកចម្រើនមួយសម្រាប់យើង”។

 

ជាមួយគ្នានេះ បងប្រុសបង្កើតរបស់ខ្សែកប្រយុទ្ធ សុក ច័ន្ទរស្មី  បង្ហើបថា មានអារម្មណ៍ស្ដាយខ្លាំងដែលមិនអាចឈ្នះក្លិបចាស់ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនទាំងពីរជើងតែម្ដង ទោះបីកូនក្រុមបានប្រឹងប្រែងអស់ពីលទ្ធភាពទៅហើយក្ដី។ 

ដោយឡែក អតីតគ្រូ U19 ព្រះខ័នរាជស្វាយរៀង យល់ឃើញថា ការប្រកួតនៅឆ្នាំ២០១៩កាន់តែតានតឹងខ្លាំង ព្រោះក្លិបនីមួយៗមានភាពរីកចម្រើនជាងមុន។

២៦ប្រកួតនៅ Metfone Cambodian League 2019 អាស៊ីអឺរ៉ុបយូណាយធីត ឈ្នះ១០ ស្មើ១៤ ចាញ់១២ មាន៣៤ពិន្ទុ បញ្ចប់នៅចំណាត់ថ្នាក់លេខ១០៕

អត្ថបទៈ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania