ចាប់គូ AFC Cup 2020 នឹងធ្វើឡើងនៅថ្ងៃ១០ ធ្នូ ២០១៩
02 Dec 2019 14:30 3855

ការចាប់គូវគ្គចែកពូលពានរង្វាន់ AFC Cup រដូវកាល២០២០ នឹងធ្វើឡើងនៅម៉ោង២រសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ នាស្នាក់ការកណ្ដាលសហព័ន្ធបាល់ទាត់អាស៊ី ឯក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងសហព័ន្ធតាមប្រទេសជាសមាជិក និងតំណាងក្លិបមានកៅអីប្រកួត។ 

សម្រាប់ក្រុមត្រូវចូលរួមពីកម្ពុជា គឺព្រះខ័នរាជស្វាយរៀងដែលជាម្ចាស់ជើងឯកក្របខណ្ឌ Metfone Cambodian League រដូវកាល២០១៩ ហើយអាចប៉ះប្រជែងណាមួយក្នុងវគ្គជម្រុះ Play-Off ចំណោមក្រុមដូចជា PSM Makassar ជើងឯក Indonesian Cup,  Master 7 ជើងឯករងលីគកំពូលឡាវ, Indera ក្រុមលេខ៤លីគកំពូលប្រ៊ុយណេ, Yangon United ជើងឯក Aung San Shield និង Lalenok ជើងឯកលីគកំពូលទីម័រខាងកើត។

ប្រសិនបើក្រុមជើងឯក MCL ពីរសម័យឈ្នះនៅវគ្គ Play-Off នឹងឆ្លងទៅវគ្គចែកពូលដែលក្លិប Ho Chi Minh City, Than Quang Ninh (វៀតណាម), Ceres-Negros, Kaya-IIloilo (ហ្វីលីពីន), Tampines Rovers, Hougang United (សិង្ហបុរី), Bali United (ឥណ្ឌូនេស៊ី), Shan United (មីយ៉ាន់ម៉ា) និង Lao Toyota (ឡាវ) រង់ចាំរួចស្រេច។

គួរដឹងដែរថា វគ្គ Play-Off សម្រាប់ក្លិបនៅតំបន់អាស៊ាន ជើងទីមួយនឹងធ្វើឡើងពីចន្លោះថ្ងៃទី២១-២២ មករា និងជើងទីពីរ ថ្ងៃទី២៨-២៩ មករា ឆ្នាំ២០២០៕

អត្ថបទ៖ CNCC 
Credit: AFC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania