អ្នកចូលរួមធ្វើតេស្ដនៅអាស៊ីអឺរ៉ុបឆ្នាំនេះកើនច្រើនជាងឆ្នាំមុន៤០ភាគរយ
04 Dec 2019 10:55 1726

អ្នកចូលរួមធ្វើតេស្ដដើម្បីឈានទៅទទួលបានឱកាសក្លាយជាកីឡាករអាស៊ីអឺរ៉ុបយូណាយធីតសម្រាប់រដូវកាល២០២០ ខាងមុខ បានកើនឡើងដល់ទៅ២៣០នាក់ ពោលគឺច្រើនជាងកាលចុងឆ្នាំ២០១៨ ចំនួន៤០ភាគរយដែលកាលណោះមានត្រឹម១៧០នាក់។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក សុក វាសនា ដែលជាគ្រូបង្គោលក្លិប។

គ្រូបង្វឹកក្រុមតំណាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបញ្ជាក់ថា ការធ្វើតេស្ដបែងចែកជា៣ដំណាក់កាល ដោយដំណាក់កាលទីមួយដែលធ្វើឡើងកាលថ្ងៃសៅរ៍ ទី៣០ វិច្ឆិកា និងថ្ងៃអាទិត្យ ទី០១ ខែធ្នូ ត្រូវចម្រាញ់យក២០នាក់ ទៅតេស្ដបន្តជាមួយកីឡាករសល់ពីរដូវកាលមុនទៀត។ ចំណែកដំណាក់កាលទី៣ គឺចូលរួមតេស្ដជាមួយកីឡាករបរទេស។ 

លោក សុក វាសនា រៀបរាប់បែបនេះ ៖”ឆ្នាំនេះមានប្អូនដែលចូលរួមតេស្ដកើនឡើង៤០ភាគរយ គឺកាលឆ្នាំមុនមានតែ១៧០នាក់ទេ តែឆ្នាំនេះមានដល់២៣០នាក់។ សម្រាប់វគ្គដំបូងយើងយក២០នាក់ ហើយបន្ទាប់មកយើងលាយជាមួយកីឡាករចាស់ និងកីឡាករមានបទពិសោធមកពីក្លិបដទៃដែលយើងស្គាល់ តេស្ដនៅវគ្គទីពីរ និងបន្តទៅវគ្គទី៣ដែលមានកីឡាករបរទេស”។

សម្រាប់វិញ្ញាសានៅដំណាក់កាលទីមួយមាន រត់ល្បឿន៣០ម៉ែត្រ, បណ្តើរឆ្លងឧបសគ្គ, Beep Teat Level, លោតចម្ងាយ ៣ តង់ ហើយនៅថ្ងៃទី០៤ ទី០៥ ទី០៦ ខែធ្នូ នឹងមានការធ្វើតេស្ដដំណាក់កាលទីពីរជាបន្ត ខណៈថ្ងៃចុងក្រោយគឺប្រកួតមិត្តភាពជាមួយភ្នំពេញក្រោននៅកីឡដ្ឋាន AEU Sport Park តែម្ដង។

លោក សុក វាសនា បញ្ជាក់ថា សម្រាប់កីឡាករក្នុងស្រុក ក្លិបនឹងចម្រាញ់យក២៣នាក់ បូកជាមួយកីឡាករបរទេសមួយចំនួនទៀតសម្រាប់យុទ្ធនាការ Metfone Cambodian League រដូវកាល២០២០៕

អត្ថបទៈ CNCC 
ប្រភពរូបៈ អាសុីអឺរ៉ុប យូណាយធីត - AEU

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania